ព័ត៌មានអន្តរជាតិ ៖ ប៉ុន្មានម៉ោងមុននេះបន្តិច សារព័ត៌មានចិន ចេញសេចក្តីរាយការណ៍អោយដឹង ថា អំឡុងចុងសប្តាហ៍កន្លងទៅ ឪពុកជនរងគ្រោះ ពីគ្រោះអកុសល ផ្ទុះ ឆេះ ម្សៅពណ៌ ក្នុងកម្មវិធី សួនទឹក Formosa Fun Coast កោះតៃវ៉ាន់ បានសម្លាប់ខ្លួនស្លាប់បាត់ទៅហើយ ។
ស្ថិតនៅក្នុងវ័យ ៦៣ ឆ្នាំ បុរសជាឪពុកមានឈ្មោះថា Wang នោះ បានបាត់ ខ្លួន បន្ទាប់ពីកូនប្រុស ច្បងរបស់គាត់និងភរិយា ទាំងពីរនាក់ ធ្វើដំណើរទៅកាន់មន្ទីរពេទ្យ Chang Kung Memorial ដើម្បី ទៅសួរសុខទុក្ខកូនប្រុសទី ២ ដែលជាជនរងគ្រោះ ពីគ្រោះថ្នាក់ផ្ទុះឆេះ ម្សៅ ពណ៌ រលាកពេញខ្លួន ប្រមាណជា ២០% ។ មិនយូរប៉ុន្មាន បន្ទាប់ពីបាត់ខ្លួន សាកសពបុរសជាឪពុកត្រូវបានប្រទះឃើញ ពីសំណាក់កូនប្រុសច្បង បន្ទាប់ពីរូបលោក សម្រេចធ្វើអត្តឃាត ដោយ ការ ព្យួរ ក ។ សារព័ត៌មាន កោះតៃវ៉ាន់ ចេញសេចក្តីរាយការណ៍ បន្ទាប់ពីដក ស្រង់ សម្តីមន្រ្តី ប៉ូលីស ក្នុងស្រុកអោយដឹងថា លោក Wang អាចឈានទៅដល់ការសម្រេចចិត្តធ្វើអត្តឃាត ក៏ដោយសារតែលោកមានភាពរង្គោះ រង្គើខាងផ្លូវចិត្ត និងផ្លូវកាយជាខ្លាំង ក្រោយកូនប្រុសជួបគ្រោះអកុសល ។
ក្រុមការងារសង្គម ដែលទទួលបន្ទុក ទៅ សួរសុខ ទុក្ខសមាជិកក្រុមគ្រួសាររងគ្រោះ ដោយសារតែ កម្មវិធីម្សៅពណ៌ អោយដឹងថា លោក Wang ពុំ មាន អាកប្បកិរិយាអ្វី ប្លែក នោះទេ មុននឹងលោក ឈានទៅដល់ការធ្វើអត្តឃាត ស្របពេលដែល ភាគីមន្ទីរពេទ្យលើកឡើងអោយដឹងថា វាគឺជាការ សោកស្តាយជាទីបំផុត ពីព្រោះថា កូនប្រុស របស់ឪពុកធ្វើអត្តឃាត រង គ្រោះ ស្រាលតែប៉ុណ្ណោះ ខណៈស្ថានភាពជម្ងឺបានធូរស្រាលច្រើនហើយនោះ ។
គួររំឮកថា មកទល់នឹងបច្ចុប្បន្នភាព ជនរងគ្រោះ សរុប ៣៧០ នាក់ កំពុងតែបន្តសម្រាកព្យាបាល របួសនៅក្នុងមន្ទីរពេទ្យនៅឡើយ ក្នុងនោះ ១៧៤ នាក់ រងរបួសធ្ងន់ មិន ត្រឹម តែប៉ុណ្ណោះ តួរលេខ ជនរងគ្រោះស្លាប់ ក៏បានកើនឡើងជាបន្តបន្ទាប់ គួរអោយព្រួយបារម្ភ៕
- អាន ៖ នារីស្លាប់ ជនទី ៥ ពីគ្រោះថ្នាក់ ព្យុះឆេះម្សៅពណ៌ រលាកខ្លាំង សឹងតែគ្មានសរសៃឈាម រត់
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ឆៃណា