កូរ៉េ៖ នាពេលថ្មីៗនេះ ផ្ទាំងរូបភាពជាក្រុមនៃសមាជិកទាំងប្រាំបីនាក់របស់ក្រុម Girls' Generation ត្រូវបានគេដាក់បង្ហាញឱ្យដឹងជាសាធារណៈ។
នៅថ្ងៃទី 29 ខែវិច្ឆិកាកន្លងទៅនេះ នាង Tiffany ដែលជាសមាជិកម្នាក់ បានបង្ហោះ ផ្ទាំងរូបភាពមួយ ដែលការបង្ហោះនេះ ត្រូវបានធ្វើឡើង នៅមុនពេលដែលក្រុមនេះ បើកព្រឹត្តិការណ៍ ជួបជុំបណ្តាអ្នកគាំទ្ររបស់ពួកគេ នៅក្នុងទីក្រុងប៉េកាំង ប្រទេសចិន។ វាគឺជាផ្ទាំងរូបភាពមួយ ដែលបង្ហាញឲ្យឃើញ នូវគ្រប់វត្តមានសមាជិកក្រុម លើកលែងតែ អតីតសមាជិកក្រុម នាង Jessica ម្នាក់តែប៉ុណ្ណោះ។
នេះជាផ្ទាំងរូបភាពដែលមានលក្ខណៈជាផ្លូវការ ជាលើកដំបូងនៃសមាជិកទាំងប្រាំបីនាក់ ចាប់តាំងពីការចាកចេញរបស់ នាង Jessica កាលពីដើមខែកញ្ញាកន្លងទៅនេះ។
ទន្ទឹមនឹងនេះដែរ ក្រុម Girls' Generation គ្រោងនឹងប្រារព្ធការប្រគុំតន្ត្រីទោល របស់ពួកគេ នៅប្រទេសជប៉ុន នាសប្តាហ៍ក្រោយ នៅថ្ងៃទី០៩ខែធ្នូនេះ មុនពេលបន្តដំណើរទស្សនកិច្ច ជួបជុំបណ្តាអ្នកគាំទ្ររបស់ពួកគេ នៅប្រទេសចិន ក្នុងខែមករា ខាងមុខនេះ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល