CamNews

សុខភាព 

១០ លំហាត់ប្រាណ ដែលអាចជួយឲ្យភ្នែកមានសុខភាពល្អ

ការរក្សាភ្នែកឲ្យមានសំណើម គឺជាកត្តាសំខាន់សម្រាប់ការថែរក្សាសុខភាពភ្នែករបស់អ្នក។

ប៉ុន្តែ ក៏មានលំហាត់ប្រាណមួយចំនួន ដែលអាចជួយយើងឲ្យលោកអ្នករក្សាសុខភាពភ្នែកឲ្យបានល្អផងដែរ។ ដូច្នេះ ថ្ងៃនេះយើងខ្ញុំនឹងលើកយកវិធីសាស្រ្តមួយចំនួន ដើម្បីបង្ហាញអ្នកទាំងអស់គ្នាដូចខាងក្រោម។

១. ព្រិចភ្នែករហូតឲ្យបាន ២ នាទី

ជាមួយនឹងការហាត់ប្រាណដ៏សាមញ្ញ ដូចជាការព្រិចភ្នែករហូតត្រឹមតែ ២ នាទី នោះនឹងអាចជួយបង្កើនចរន្តឈាមរបស់អ្នកនៅក្នុងរាងកាយបានផងដែរ។

២. បង្វិលភ្នែករបស់អ្នកទៅផ្នែកខាងស្តាំ

មើលទៅខាងស្ដាំដោយបង្វិលភ្នែករបស់អ្នកតាមខ្សែរបន្ទាត់ត្រង់មួយ។ បន្ទាប់មក អ្នកត្រូវធ្វើវាដដែលៗក្នុងទិសដៅផ្ទុយគ្នា។

៣. បិទភ្នែកហើយព្យាយាមសម្រាក

វាក៏សំខាន់ផងដែរ ដែលអ្នកអាចបិទភ្នែកហើយព្យាយាមសម្រាក។ ភាពខ្មៅងងឹត នឹងជួយអភិវឌ្ឍកោសិកាដែលឆ្លើយតបទៅនឹងពន្លឺឲ្យលូតលាស់បានត្រឹមត្រូវនៅក្នុងរ៉ូដុបសិន (rhodopsin)។

នេះ គឺជាសារធាតុចាំបាច់សម្រាប់ការរក្សាឲ្យភ្នែកមានសុខភាពល្អ។

៤. ព្យាយាមផ្លាស់ទីភ្នែករបស់អ្នកក្នុងទិសដៅផ្សេងគ្នា

ព្យាយាមផ្លាស់ប្តូរភ្នែករបស់អ្នកក្នុងទិសដៅផ្សេង ពីឆ្វេងទៅស្តាំ ឡើងលើចុះក្រោម នៅក្នុងចលនារាងជារង្វង់ ឬចលនាដូចជាលេខ 8 ជាដើម។

៥. បិទភ្នែករបស់អ្នកប៉ុន្មានវិនាទី ហើយបើកមកវិញ

បិទភ្នែករបស់អ្នកប៉ុន្មានវិនាទី ហើយបើកវាម្តងហើយម្តងទៀតឲ្យបានច្រើនដង។ ការធ្វើលំហាត់ប្រាណនេះ នឹងជួយឲ្យអ្នកសម្រាកសាច់ដុំភ្នែក និងមានចលនាឈាមរត់បានល្អ។

៦. សង្កត់ត្របកភ្នែករបស់អ្នកជាមួយនឹងម្រាមដៃរបស់អ្នក

សង្កត់ត្របកភ្នែករបស់អ្នកដោយប្រើម្រាមដៃរបស់អ្នក។ សង្កត់វា ប៉ុន្មានវិនាទី ហើយធ្វើម្តងហើយម្តងទៀតពី ៤ ទៅ ៥ ដង។ ការធ្វើលំហាត់ប្រាណនេះ នឹងជួយដល់ចលនារាវដែលនៅក្នុងភ្នែកបានយ៉ាងប្រសើរ។

៧. គូររូបធរណីមាត្រជាមួយនឹងគ្រាប់ភ្នែករបស់អ្នក

បើកភ្នែករបស់អ្នក ហើយសាកល្បងគូររូបរាងសាមញ្ញៗ ដូចជាការ៉េ រង្វង់ជាដើម ហើយបន្ទាប់មកសាកល្បង គូសរូបស្មុគស្មាញម្តង។

៨. បិទភ្នែក ហើយបង្វិលគ្រាប់ភ្នែក

បិទភ្នែករបស់អ្នកយឺតៗ ហើយរំកិលគ្រាប់ភ្នែករបស់អ្នកឡើងលើ និងចុះក្រោម។ ធ្វើបែបនេះ ពី ៥ ទៅ ១០ ដងម្តងហើយម្តងទៀត។

៩. ផ្ដោតការសំលឹងទៅលើវត្ថុដែលជិត

អង្គុយមួយកន្លែង និងផ្ដោតការសំលឹងរបស់អ្នកលើវត្ថុជិត ហើយបន្ទាប់មកផ្លាស់ទីទិដ្ឋភាពរបស់អ្នកទៅមើលវត្ថុដែលនៅជិតជាងមុនទៀត។ ធ្វើបែបបទនេះ ឲ្យបាន​ ១០ ដង។

១០. ងើយក្បាលរបស់អ្នក

វា អាចជួយសម្រួលចលនាឈាមរត់បានយ៉ាងល្អ ដោយអ្នកគ្រាន់តែបង្វិលក្បាលរបស់អ្នកពីម្ខាងទៅម្ខាង និងពីលើចុះក្រោមតែប៉ុណ្ណោះ។

តោះ សាកល្បងវិធីងាយៗទាំងអស់គ្នា ៕

ប្រែសម្រួល ៖ ច័ន្ទ

ប្រភព៖ steptohealth


Tags: Health news