CamNews

ព័ត៌មានអន្តរជាតិ 

រកឃើញហើយ! ជនសង្ស័យដែលបំផ្ទុះគ្រាប់បែកនៅទីក្រុង ញូយ៉ក គឺអ្នកដើមតាមមាគ៌ាលោក អូសាម៉ា ប៊ិនឡាដិន អតីត....

(ញូយ៉ក)៖ ធ្លាប់ធ្វើដំណើរទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន និង ប៉ាគីស្ថាន ព្រមទំាងមាន កំណត់ហេតុពាក់ព័ន្ធនឹងមនោគមន៍វិជ្ជារបស់លោក អូសាម៉ា ប៊ិនឡាដិន (Osama Ben Laden) ជាអតីតមេនៃក្រុមអាល់កៃដា ទំាងនេះគឺជាព័ត៌មានបន្ថែមបង្ហាញពី ភាពអាចទៅរួចនៃការទទួលយកគំនិត រ៉ាឌីកាល់និយមរបស់ Ahmad Khan Rahami ដែលជាជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួននៅក្នុងក្របខណ្ឌ នៃការស៊ើបអង្កេតជុំវិញករណីបំផ្ទុះគ្រាប់បែក បង្កឱ្យមនុស្ស២៩នាក់រង របួសនៅក្នុងទីក្រុងញូយ៉ក និង រដ្ឋញូជឺស៊ីកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅ។ នេះបើតាមការចុះផ្សាយដោយ សារព័ត៌មានបារំាង Le point.fr នៅថ្ងៃពុធ ទី២១ ខែកញ្ញា ឆ្នាំ២០១៦។


ព័ត៌មានទំាងនេះគឺជារឿងដ៏អាម៉ាស់មួយសម្រាប់ប៉ូលិសរដ្ឋញូជឺស៊ី ដែលធ្លាប់បានអះអាងថា Ahmad Khan Rahami មិនមែនជាគោលដៅនៃការស៊ើបអង្កេតរបស់ពួកគេនោះទេ ខណៈទីភ្នាក់ងារ FBI  ​បានទទួលស្គាល់ថា ជននេះត្រូវស្ថិតនៅក្រោមការតាមដានតំាងតែពីឆ្នាំ២០១៤ មកម្ល៉េះ។ តែយ៉ាងណា គេពុំទាន់រកឃើញភស្ដុតាងបញ្ជាក់ពីទំនាក់ទំនងរវាងជនសង្ស័យរូបនេះ ជាមួយនឹងក្រុមភេរវករនៅឡើយទេ។

គួរបញ្ជាក់ថាថា Ahmad Khan Rahami មានអាយុ ២៨ឆ្នាំជាពលរដ្ឋអាមេរិកដើមកំណើត អាហ្វហ្គានីស្ថាន ត្រូវបានប៉ូលិសចាប់ខ្លួនកាលពីថ្ងៃចន្ទ ហើយកាលពីថ្ងៃអង្គារម្សិលមិញ រូបគេត្រូវបានចោទប្រកាន់ជាផ្លូវការពីបទ ប្រើប្រាស់អាវុធដែលបង្កការបំផ្លាញទ្រង់ទ្រាយធំ និងការវាយប្រហារដោយគ្រាប់បែកនៅទីសាធារណៈ បំផ្លាញទ្រព្យសម្បត្តិឯកជន និង ប្រើប្រាស់អាវុធជាតិផ្ទុះ ដើម្បីប្រព្រឹត្តិបទឧក្រិដ្ឋ៕



ប្រភព ៖ ប៊ីប៊ីស៊ី/Le point.fr

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Int news Hot news Turkey ISIS