រដូវមិនទៀង គឺជាបញ្ហាដ៏សាមញ្ញ ដែលតែងកើតមានចំពោះក្មេងស្រី និងស្រ្ដីនៅចន្លោះអាយុ ១០-៥៥ ឆ្នាំ។ វដ្ដនៃការមករដូវទៀងទាត់ គឺនៅរយៈពេល ២៨ ថ្ងៃជារៀងរាល់ខែ ចំណែកឯរដូវមិនទៀងទាត់វិញ គឺនៅពេលដែលវដ្ដនៃការមករដូវ លើស ៣៥ ថ្ងៃ។ កត្ដាជាច្រើនដូចជា អតុល្យភាពអ័កម៉ូន ជំងឺក្រពេញទីរ៉ូអ៊ីត ជំងឺថ្លើម រលូតកូន ការអស់រដូវ ជំងឺញ៉ាំអាហារមិនសូវបាន ឡើងទម្ងន់ ស្រកទម្ងន់ និងបញ្ហាសុខភាពផ្សេងៗទៀត គឺជាដើមចម ដែលបណ្ដាលឱ្យរដូវមកមិនទៀង។ ទម្លាប់នៃការរស់នៅមួយចំនួនដូចជា ការជក់បារី ការញៀនស្រា បរិភោគជាតិកាហ្វេអ៊ីនច្រើន ប្រភេទថ្នាំមួយចំនួន និងការហាត់ប្រាណលើសកម្លាំង ក៏អាចជាមូលហេតុ បណ្ដាលឱ្យរដូវមកមិនទៀងដែរ។
ការមករដូវយឺត បណ្ដាលឱ្យស្រ្ដីមួលម៉ៅច្រើន និងមានអារម្មណ៍រសាប់រសល់ពិបាកក្នុងខ្លួន។ ជាទូទៅ ការយូរមករដូវ បណ្ដាលមកពីអតុល្យភាពអ័កម៉ូន ដែលតុល្យភាពនេះអាចបណ្ដាលមកពីបញ្ហាផ្សេងទៀតដូចជា ស្រ្ដេសច្រើន របៀបរស់នៅ ទម្លាប់នៃការបរិភោគចំណីអាហារ ឬក្នុងករណីខ្លះ អាចបណ្ដាលមកពីជំងឺមួយប្រភេទ។ ការយូរមករដូវ អាចបណ្ដាលឱ្យកើតអាការៈមិនស្រួលក្នុងខ្លួនមួយចំនួនដូចជា ឈឺដោះ ឈឺក្នុងពោះ ឬឈឺចង្កេះ និងមានអារម្មណ៍ឆេវឆាវច្រើន។ ខាងក្រោមនេះ គឺជាវិធីសាស្រ្ដធម្មជាតិ ដែលមានប្រសិទ្ធភាពព្យាបាលអាការៈយូរមករដូវ ដែលត្រូវបានមនុស្សប្រើ និងសាកល្បងជាច្រើនទសវត្សរ៍មកហើយ៖
ប្រើល្ហុងខ្ចី ដើម្បីព្យាបាលការមករដូវយឺត៖
វាជាទំនៀមទម្លាប់ទៅហើយ ដែលចាស់ៗ តែងតែប្រាប់ស្រ្ដីក្មេងៗ ដែលមករដូវមិនទៀងឱ្យញ៉ាំល្ហុង ដើម្បីឱ្យមករដូវស្រួល។ ល្ហុងខ្ចី មានប្រសិទ្ធភាព ជួយដោះស្រាយបញ្ហា ដែលទាក់ទងនឹងការមករដូវ។
ការចម្អិនល្ហុងឱ្យឆ្អិន នឹងធ្វើឱ្យបាត់បង់ជាតិអង់ហ្ស៊ីម និងសារធាតុជាតិចិញ្ចឹមជាច្រើនទៀត ដូច្នេះគួរតែញ៉ាំវាទាំងឆៅ ហាន់វាជាចម្រៀកៗដាក់លាយជាមួយម្ហូប ឬធ្វើជាញាំល្ហុងមកញ៉ាំ។ អ្នកពិតជារីករាយមិនខាន នៅពេលដែលដឹងថា ផ្លែល្ហុងដែលអ្នកតែងតែចូលចិត្ដញ៉ាំ ក៏ជាឱសថធម្មជាតិ សម្រាប់ព្យាបាលការយូរមករដូវដែរ។ តែទោះយ៉ាងណា អ្នកក៏ត្រូវយកចិត្ដទុកដាក់ចំពោះខ្លួនឯងផងដែរ ប្រសិនបើអ្នកមានផ្ទៃពោះ ពីព្រោះគ្រូពេទ្យ មិនណែនាំឱ្យស្រ្ដីមានផ្ទៃពោះញ៉ាំល្ហុងនោះទេ។
ញ៉ាំតែខ្ញី៖ ខ្ញីជម្រុញឱ្យចរន្ដឈាមរត់បានល្អប្រសើរ និងមានប្រសិទ្ធភាពគ្រប់គ្រងលើការមករដូវ ព្រមទាំងជួយឱ្យធូរស្រាលអាការៈឈឺក្នុងពោះ។ សូមកិនខ្ញីមួយមើម និងស្ងោរប៉ុន្មាននាទីដើម្បីឆុងធ្វើតែមកញ៉ាំ។ អ្នកអាចថែមស្ករស ទឹកឃ្មុំ ឬជាតិផ្អែមដទៃទៀតតាមការចូលចិត្ដ។ ការពិសាតែនេះឱ្យបានពីរបីដង ក្នុងមួយថ្ងៃ អាចជួយឱ្យរដូវមកបានស្រួល។
វ៉ាន់ស៊ុយបារាំង៖ ប្រសិនបើអ្នកខ្វាយខ្វល់រឿងយូរមករដូវនោះ សូមសាកដាក់បញ្ចូលវ៉ាន់ស៊ុយបារាំង(Parsley) ចូលទៅក្នុងរបបអាហាររបស់អ្នក។ ការពិសាទឹកវ៉ាន់ស៊ុយបារាំង អាចជួយគ្រប់គ្រងការមករដូវរបស់អ្នក។ ប្រជាជនឥណ្ឌា បានប្រើវ៉ាន់ស៊ុយបារាំងនេះ ជាច្រើនសតវត្សរ៍មកហើយ ដើម្បីព្យាបាលការមករដូវមិនទៀង។
កម្ចាត់ភាពតានតឹងពីចិត្ដរបស់អ្នក៖ ស្រ្ដេសគឺជាបញ្ហាដ៏ធំបំផុត ដែលនាំឱ្យកើតបញ្ហាជាច្រើនរួមទាំងការមករដូវមិនទៀងផងដែរ។ ការកម្ចាត់ភាពតានតឹង គឺជាវិធីព្យាបាលដ៏សកម្មមួយ ក្នុងការព្យាបាលការយូរមករដូវ។ វាជាការវិលជុំចុះឡើងគឺថា ស្រ្ដេស បណ្ដាលឱ្យរដូវមកយឺត ហើយរដូវមកយឺត បណ្ដាលឱ្យធុញថប់ និងមានកង្វល់។ សូមព្យាយាមសម្រាកឱ្យបានគ្រប់គ្រាន់ និងគេងពេលយប់ឱ្យបានឆ្អែត ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ onlymyhealth