CamNews

ព័ត៌មានអន្តរជាតិ 

ប្រទេសនេះ បង្កើតច្បាប់យ៉ាងម៉េចអីចេះ បានជាអង្គការលើកលែងទោសព្រមាន

អង្គការលើកលែងទោសអន្តរជាតិ កាលពីថ្ងៃអង្គារ បានព្រមានថា ច្បាប់ត្រួតពិនិត្យថ្មីរបស់ប្រទេសចិន គឺជា "ការគំរាមកំហែងជាប្រព័ន្ធដល់សិទ្ធិមនុស្ស"។

គោលបំណងនៃច្បាប់ថ្មីនេះ គឺដើម្បីធ្វើមជ្ឈការអង្គភាពត្រួតពិនិត្យទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិប្រយោជន៍ដើម្បីកំណត់ឱ្យបាននូវអំពើពុករលួយ។ ទោះបីជាយ៉ាងណាក៏ដោយ អង្គការលើកលែងទោស បានសម្ដែងពីការព្រួយបារម្ភរបស់ខ្លួន ចំពោះអង្គភាពត្រួតពិនិត្យថ្មី ដែលមានឈ្មោះថា "ប្រព័ន្ធលូហ្ស៊ី" ដោយបានបង្កើតអង្គភាពមួយ ដែលមានអំណាចឃុំខ្លួនមន្រ្តីរដ្ឋាភិបាល ដោយពុំចាំបាច់ត្រួតពិនិត្យរកពិរុទ្ធភាពជាមុន។ "ប្រព័ន្ធលូហ្ស៊ី" នឹងដាក់ចេញអនុវត្ដដាច់ដោយឡែកពីប្រព័ន្ធតុលាការចិន។


មុននឹងអនុម័តច្បាប់ថ្មីនេះ សភាប្រជាជនជាតិ បានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញចិន ដើម្បីបង្កើតគណៈកម្មាធិការត្រួតពិនិត្យកម្រិតថ្នាក់ជាតិ ដែលមានឋានានុក្រមខ្ពស់ជាងតុលាការប្រជាជនកំពូល និងស្ថាប័នមហាអយ្យការ ។ ច្បាប់នេះ មិនរួមបញ្ចូលវិធាន ឬបញ្ញត្ដិណាមួយ ដែលមានអានុភាពធ្វើមោឃភាពនូវការឃុំខ្លួន ដែលធ្វើឡើងដោយស្ថាប័នត្រួតពិនិត្យនេះ នោះទេ។

មាត្រាមួយនៃច្បាប់ថ្មីនេះចែងថា៖ អនុលោមតាមប្រព័ន្ធថ្មីនេះ អង្គភាពត្រួតពិនិត្យ មានសិទ្ធិឃាត់ខ្លួន និងសួរចម្លើយសមាជិកបក្សកុម្មុយនិស្ត ឬមន្រ្ដីរាជការបម្រើមុខងារសាធារណៈ ពោលគឺបុគ្គលគ្រប់រូប ដែលបម្រើការងារដោយផ្ទាល់  ឬដោយប្រយោលជូនរដ្ឋាភិបាល។ ចៅក្រម សាស្រ្ដាចារ្យ និងបុគ្គលិកនៃសហគ្រាសរបស់រដ្ឋទាំងអស់ អាចប្រឈមមុខនឹងការឃុំខ្លួនរយៈពេល ៦ ខែដោយពុំចាំបាច់មានការចោទប្រកាន់ ឬដីកាបង្គាប់ពីតុលាការ ហើយពុំមានសិទ្ធិទទួលបានកិច្ចការពារពីមេធាវី ឬជូនដំណឹងទៅក្រុមគ្រួសាររបស់ពួកគេឡើយ។

គួរបញ្ជាក់ថា កាលពីខែសីហា អង្គការលើកលែងទោសអន្តរជាតិ បានដាក់ជូនសេចក្ដីព្រាងរបាយការណ៍ទៅរដ្ឋាភិបាលចិនស្តីពីច្បាប់ត្រួតពិនិត្យ ដោយស្នើឱ្យរដ្ឋាភិបាលនេះ ដកមាត្រាខាងលើចេញ។ លើសពីនេះទៀត អង្គការនេះបានទទូចដល់រដ្ឋាភិបាលចិនឱ្យផ្តល់សច្ចាប័នលើកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិនយោបាយ និងសិទ្ធិពលរដ្ឋ ៕


ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Jurist 


Tags: International news