(ម៉ានីល)៖ កីឡាករប្រដាល់ជនជាតិហ្វីលីពីន ដ៏ល្បីល្បាញ លោក Manny Pacquiao បានសម្តែងការគាំទ្រ ចំពោះប្រធានាធិបតីរបស់ខ្លួន គឺលោក Rodrigo Duterte លើយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀននៅហ្វីលីពីន ដោយស្របពេលជាមួយគ្នានេះដែរ ប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា បាននិយាយថា លោកមិនដែលខ្វល់ ពីសម្តីរបស់លោក Rodrigo Duterte ដែលបានត្មិះដៀលកាលពី ប៉ុន្មានថ្ងៃមុននោះឡើយ។ នេះបើតាមការផ្សាយដោយ Reuters នៅថ្ងៃសុក្រ ទី០៩ ខែកញ្ញា ឆ្នាំ២០១៦។
នៅក្នុងកិច្ចសម្ភាសន៍មួយ លោក Pacquiao បាននិយាយថា «ប្រធានាធិបតីប្រទេសខ្ញុំ បានសូមទោសចំពោះ អ្វីដែលលោកបាននិយាយ ហើយពេលខ្លះលោកនិយាយស្តី ដោយប្រើពាក្យពេជន៍មួយចំនួន ដែលមនុស្ស នៅជុំវិញខ្លួនលោកមិនពេញចិត្ត ប៉ុន្តែខ្ញុំតែងតែគាំទ្រជានិច្ច ចំពោះប្រធានាធិបតីរបស់ខ្ញុំ»។
លោក Pacquiao ក៏បានបង្ហាញពីទស្សនរបស់លោកលើ យុទ្ធនាការបង្រ្កាបគ្រឿងញៀន នៅហ្វីលីពីនដែរ ដោយលោកបានបញ្ជាក់ថា លោកគាំទ្រយ៉ាងពេញទំហឹង នូវយុទ្ធនាការមួយនេះ ទោះបីជាវាបណ្តាលឲ្យ មានមនុស្សស្លាប់ច្រើនក្តី ព្រោះថាដើម្បីកម្ចាត់គ្រឿងញៀន ឲ្យអស់ពីប្រទេសហ្វីលីពីន រដ្ឋាភិបាលហ្វីលីពីន ត្រូវតែប្រើមធ្យោបាយ តឹងរឹងបែបនេះ។
ជាមួយគ្នានេះដែរ នៅក្នុងសន្និសីទសារព័ត៌មានមួយ ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បាននិយាយថា «ខ្ញុំមិនយកពាក្យសម្តីរបស់លោក Duterte ដែលបាននិយាយកាលពីប៉ុន្មានថ្ងៃមុន មកដាក់ខ្លួនទេ ព្រោះថាវាហាក់ដូចជាការប្រើពាក្យ មិនសមរម្យទាំងអស់នេះ គឺជាទម្លាប់នៃការនិយាយស្តីររបស់លោក Duterte ទៅហើយ» ។
គួររំឭកថា នៅដើមសប្តាហ៍នេះ លោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte បានប្រើពាក្យសម្តី មិនសមរម្យ សំដៅទៅលើ ប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា បន្ទាប់ពីមេដឹកនាំពិភពលោក រូបនេះ បានចោទសួរ លើបញ្ហាការសម្លាប់ក្រៅប្រព័ន្ធតុលារ ក្នុងយុទ្ធនាការប្រឆាំងគ្រឿងញៀន របស់លោក Duterte ហើយក្រោយពីបានជ្រាបដំណឹងនេះ លោក អូបាម៉ា បានលុបចោលជំនួបទ្វេភាគី រវាងមេដឹកនាំទាំងពីរ។
យ៉ាងណាមិញ លោក អូបាម៉ា និងលោក Duterte ទើបនឹងបានជួបពិភាក្សាគ្នារយៈពេលខ្លី នៅអំឡុងពេលនៃកិច្ចប្រជុំអាស៊ាន នៅវៀងច័ន្ទ ប្រទេសឡាវដែលទើបនឹងបញ្ចប់ទៅ ថ្មីៗនេះ៕
ប្រភព ៖ Reuters
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង