(ភ្នំពេញ)៖ បច្ចុប្បន្នការប្រគំតន្ត្រី ដើម្បីមន្ទីរពេទ្យគន្ធបុប្ផា បានកើនឡើងយ៉ាងផុសផុល គួរឲ្យកត់សម្គាល់ មានន័យថា តារាសិល្បៈចាប់ផ្ដើមរួមគ្នា ដើម្បីសង្គមកាន់តែច្រើនឡើងៗ ពិសេសតារាចម្រៀង តារាសម្ដែង បានលះបង់ពេលវេលារបស់ខ្លួន លែងសូវគិតគូពីបញ្ហាលុយកាក់ ដើម្បីជួយសង្គម។ ចំណែកឯព្រឹត្តិការណ៍ថ្មីមួយ ក៏ត្រៀមនឹងកើតឡើង ដែលជាព្រឹតិ្តការណ៍ តារាលើកំរាលព្រំ ដ៏អស្ចារ្យ ដើម្បីសប្បុរធម៌ ជាវេទិវាសប្បុរធម៌និស្សតិពេទ្យន័រតុន នៅថ្ងៃទី១៧ ខែកញ្ញា ខាងមុខនេះ ដើម្បីស្វែងរកមូលនិធិថវិកាជួយដល់មន្ទីរ ពេទ្យគន្ធបុប្ផា។
បើតាមការឲ្យដឹង ពីអ្នករៀបចំកម្មវិធី បញ្ជាក់ថា កម្មវិធីដ៏ធំនេះ មានតារាសិល្បៈ២៤រូប ត្រៀមបង្ហាញខ្លួនក្នុងកំរាលព្រំពណ៌ទឹកប៊ិច ក្នុងនោះរួមមាន តារាចម្រៀងល្បី កញ្ញា សុខ ពិសី, កញ្ញា ទេព បូព្រឹក្ស, កញ្ញា សុន ស្រីពេជ្រ, កញ្ញា អេដា, លោក សុគន្ធ ថេរ៉ាយុ, លោក សន វិជ្ជបុត្រ ,លោក ជ័យ សាវ៉ាត, នាយ ចឺម , លោក ឃួន វុត្ថា ,អ្នកនាង ចន ច័ន្ទលក្ខិណា, កញ្ញា ទឹម រដ្ឋា , អ្នកនាង សារាយ សក្ខណា , កញ្ញា ព្រីម លីហ្សា, កញ្ញា ដួង ម៉ានិច, កញ្ញា កែ ចាន់កេសី ,កញ្ញា ចាន់គង់កា ,លោក រតនៈ ពិសិដ្ឋ ,លោក ចន ច័ន្ទតារា,លោក សិន សុធារឹទ្ធ,កញ្ញា មាន សុនីតា ,កញ្ញា ថន លក្ខិណា ,លោក ចន អេឡិចហ្សូរ៉ា,អ្នកនាង រស់ សុធាវី និងលោក ជួប ច័ន្ទកក្កដា ហៅរ៉ូលីន។
កម្មវិធីដ៏ពិសេសនេះ ត្រូវរៀបចំឡើង ដោយសាលកវិទ្យាល័យន័រតុន សហការជាមួយ សមាគមន៍គ្រួសារតារាកម្ពុជា និងក្រុមហ៊ុនរៀបចំកម្មវិធី «P Enter» តុបតែងលំអរ ដោយក្រុមហ៊ុន Idea wedding décor ។ អ្នករៀបចំកម្មវិធីដដែលបាននិយាយថា ព្រឹត្តិការណ៍នេះ មានរយៈពេលពីរថ្ងៃសម្រាប់ការតាំងពិព័រណ៍ គឺ១៧ និង១៨ ខែកញ្ញា ឆ្នាំ២០១៦ តែថ្ងៃប្រគំតន្ត្រី គឺថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង៤ល្ងាចតទៅ។
លោក កែវ បញ្ញា ម្ចាស់ក្រុមហ៊ុន «P enter» ដែលជាក្រុមហ៊ុនរៀបចំ ការប្រគំនេះផ្ទាល់ បាននិយាយថា ឆាកតន្ត្រី ភ្លើងពណ៌ ត្រូវបានសម្រិតសម្រាំងជាពិសេសតែម្ដង ដើម្បីលើកស្ទួយតារាសិល្បៈខ្មែរ ពិសេសកម្មវិធីនេះ មិនមែនជាការប្រគំតន្រ្តីធម្មតាៗទេ ជាព្រឹត្តិការណ៍តារាលើកំរាលព្រំ ដែលតារាទាំងអស់បង្ហាញមុខលើព្រំ ដែលក្រាលជិត៣០ម៉ែត្រ ដែលអាចឲ្យតារា និងអ្នកគាំទ្របានជួបគ្នា ថតរូបយ៉ាងជិតស្និទ្ធ។
ក្រៅពីនេះ លោកបានចេញម៉ូដសម្លៀកបំពាក់ថ្មីៗ មានលំនាំតាមម៉ូដរបស់ប្រទេស លោកលិចមកបង្ហាញជូន ព្រោះកន្លងមកម៉ូដសម្លៀកបំពាក់ ហាក់នៅមានកម្រិតនៅឡើយ ទើបលោកចង់បង្ហាញអ្វីដែលថ្មីៗ ទៅកាន់មហាជន ដើម្បីផ្សារភ្ជាប់ទៅនឹងសកម្មភាពសប្បុរសធម៌៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង