(ភ្នំពេញ)៖ តារាចសម្តែងប្រុសរូបសង្ហា លោក ចន អេឡិចដាហ្វី នាឱកាសថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៦ជាថ្ងៃខួបកំណើតគម្រប់ អាយុ២៥ឆ្នាំនេះ បានចំណាយពេលវេលា របស់ខ្លួនចូលរួមបរិច្ចាគឈាម នៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីជាការជួយសង្គ្រោះដល់ជីវិតមនុស្ស ដែលកំពុងខ្វះ និងត្រូវការបញ្ចូលឈាម ជាចាំបាច់។
លោក ចន អេឡិចដាហ្វី បានសរសេរបង្ហោះរៀបរាប់ នៅលើបណ្តាញសង្គមហ្វេសប៊ុកថា «ថ្ងៃនេះ២៥ឆ្នាំមុន ម្តាយខ្ញុំបាននាំខ្ញុំឲ្យឃើញផែនដី ដ៏ស្រស់ស្អាតមួយនេះ ជាមួយនឹងការឈឺចាប់រាងកាយរបស់គាត់ ហើយក៏មានឈាមចេញ ពីក្នុងខ្លួនគាត់ក៏មាន ប៉ុន្តែមកជាមួយក្តីស្រឡាញ់របស់គាត់ ចំពោះខ្ញុំ (អរគុណម៉ាក់)»។
តារាសម្តែង ចន អេឡិចដាហ្វី បានបញ្ជាក់ទៀតថា «ថ្ងៃនេះ ខ្ញុំក៏បញ្ចេញឈាមរបស់ខ្ញុំដែរ ដោយការបរិច្ចាគទៅឲ្យ អ្នកដែលត្រូវការវាបំផុត...។ ខ្ញុំមិនមែនជាអ្នកមាន ហើយខ្ញុំក៏មិនចាំទាល់តែខ្ញុំមានច្រើន បានឲ្យនោះទេ ប៉ុន្តែខ្ញុំចង់ឲ្យទៅអ្នកដែលខ្វះខាត តាមលទ្ធភាពដែលមាន។ ក្នុងថ្ងៃកំណើតរបស់ខ្ញុំ ជូនពរឲ្យអ្នកម៉ាក់ លោកប៉ា បងប្រុស និងមនុស្សជុំវិញខ្លួនខ្ញុំទាំងអស់ ប្រទះតែសេចក្តីសុខ ជួបតែមនុស្សល្អ សុខភាពល្អ ជោគជ័យក្នុងជីវិត និងមានក្តីស្រឡាញ់កាន់តែច្រើន...ញញឹម»។
ជាមួយគ្នានេះ ក្រៅពីការចូលរួមផ្តល់ឈាម ក្នុងឱកាសថ្ងៃខួបកំណើត តារាសម្តែង លោក ចន អេឡិចដាហ្វី ក៏បានធ្វើការអំពាវនាវស្នើឲ្យប្រជាពលរដ្ឋ និងយុវជនខ្មែរត្រូវចូលរួមបរិច្ចាគឈាមទាំងអស់គ្នា ដើម្បីជាការជួយសង្គ្រោះដល់ជីវិតមនុស្ស ដែលកំពុងខ្វះ និងត្រូវការបញ្ចូលឈាម បន្ថែមផងដែរ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង