ព័ត៌មានអន្តរជាតិ ៖ ស្រ្តីម្នាក់បានស្លាប់បាត់បង់ជីវិត ខណៈ ៥នាក់ផ្សេងទៀត រងរបួសធ្ងន់ និងស្រាល ក្រោយពីមានការវាយប្រហារ ដោយកាំបិតនៅទីលាន Russell ភាគកណ្តាលទីក្រុង ឡុងដ៍ ប្រទេស អង់គ្លេស ។
សេចក្តីរាយការណ៍ ទាន់ហេតុការណ៍គូសបញ្ជាក់ឲ្យដឹងថា មន្រ្តីប៉ូលីសក៏ដូចជាក្រុមការងារសង្គ្រោះ បន្ទាន់ ត្រូវបានប្រកាសអាសន្ន ហៅឲ្យចុះទៅអន្តរាគមន៍ វេលាម៉ោង ២២ និង ៣៣ នាទីយប់ថ្ងៃពុធ ម្សិលមិញនេះ (ម៉ោងក្នុងស្រុកប្រទេសអង់គ្លេស) ថាមានបុរសម្នាក់ដៃប្រដាប់ដោយអាវុធ បានវាយ ប្រហារធ្វើឲ្យមនុស្សរងរបួស ។
ភ្លាមៗនៅពេលអាជ្ញាធរមានសមត្ថកិច្ច ចុះទៅដល់ទីតាំង កើតហេតុ បានរកឃើញ ជនរងគ្រោះដល់ ទៅ ៦នាក់ ក្នុងនោះ ស្រ្តីរងគ្រោះម្នាក់ ក្នុងចំណោម ៦នាក់ បានស្លាប់ បន្តិចក្រោយមក ។ សេចក្តី រាយការណ៍ បញ្ជាក់ឲ្យដឹងថា ជនសង្ស័យត្រូវបានចាប់ឃាត់ខ្លួន នៅវេលាម៉ោង ២២ និង ៣៩ នាទី ក្រោយពីមន្រ្តីប៉ូលីសមួយរូប បានប្រើកាំភ្លើងឡាស៊ែរឆក់ ។ មន្រ្តីប៉ូលីស ប្រចាំតំបន់កើតហេតុគូស បញ្ជាក់ឲ្យដឹងថា ភារវកម្ម អាចជាចេតនាក្នុងការវាយប្រហារ ប៉ុន្តែក្រុមការងារពាក់ព័ន្ធ បើកការស៊ើប អង្កេតជាមុនសិន ។ ដោយឡែក បច្ចុប្បន្នភាព ស្ថានភាពអ្នកជម្ងឺដែលរងគ្រោះធ្ងន់ស្រាលនោះពុំទាន់ ដឹងច្បាស់នៅឡើយទេ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី