អ៊ីរ៉ង់ បានដាក់ពាក្យបណ្ដឹងជាផ្លូវការទៅកាន់តុលាការអន្ដរជាតិដើម្បីប្ដឹងអាមេរិក ស្ដីការសម្រេចចិត្ដរបស់លោកត្រាំក្នុងការដកប្រទេសរបស់ខ្លួនចេញពី កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥។
ស្ថានីយ៍វិទ្យុ Radio Free Europe បានរាយការណ៍ថា តុលាការយុត្តិធម៌អន្ដរជាតិ បានបញ្ជាក់ថា ពាក្យបណ្ដឹងនោះ ពិតជាបានដាក់ប្ដឹងមកតុលាការប្រាកដមែន។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ និងរដ្ឋមន្រ្ដីក្រសួងការបរទេសអ៊ីរ៉ង់ បានរាយការណ៍នូវព័ត៌មាននេះដំបូងកាលពីថ្ងៃចន្ទ ដោយបានលើកឡើងថា ការសម្រេចចិត្ដរបស់លោក ត្រាំ បានរំលោភបំពានចំពោះសន្ធិសញ្ញាអន្ដរជាតិ ដែលសាធារណរដ្ឋឥស្លាមមួយនេះ បានចុះហត្ថលេខា ជាមួយសហរដ្ឋអាមេរិក និងប្រទេសហត្ថលេខីចំនួន ៥ ទៀត។
រដ្ឋមន្រ្ដីក្រសួងការបរទេសលោក Javad Zarif បានសរសេរនៅក្នុងបណ្ដាញ Twitter ថា៖ “អ៊ីរ៉ង់មានបំណង ចាប់សហរដ្ឋអាមេរិកឱ្យចេញមុខទទួលខុសត្រូវ ចំពោះការបង្ខិតបង្ខំដាក់ទណ្ឌកម្មឯកតោភាគី ដែលផ្ទុយនឹងច្បាប់នេះ។ អ៊ីរ៉ង់ បានប្ដេជ្ញាចិត្ដប្រើវិធានច្បាប់ ប្រឆាំងនឹចេតនាប្រមាថមើលងាយសម្ព័ន្ធភាពការទូត និងកាតព្វកិច្ចផ្លូវច្បាប់របស់អាមេរិក”។
យោងតាមទីភ្នាក់ងារសារព័ត៌មាន Mehr របស់អ៊ីរ៉ង់ បានឱ្យដឹងថា ពាក្យបណ្ដឹងនោះបានដាក់ប្ដឹងទៅតុលាការអន្ដរជាតិ ដោយបានដកស្រង់ខ្លឹមសារនៃសន្ធិសញ្ញាមិត្ដភាពឆ្នាំ ១៩៥៥។
យោងតាមទីភ្នាក់ងារព័ត៌មានខាងលើ អ្នកនាំពាក្យក្រសួងការបរទេសបាននិយាយថា៖” ក្រោយទទួលបានទស្សៈ និងការប្រឹក្សាយោបល់ពីមេធាវីអន្ដរជាតិ និងក្រុមប្រឹក្សាអ្នកច្បាប់ ដោយមានថ្លែងអំពីការរិះគន់របស់សាធារណរដ្ឋឥស្លាម(អ៊ីរ៉ង់) អំពីការរំលោភបំពានរបស់អាមេរិកចំពោះសន្ធិសញ្ញាមិត្ដភាពនោះ ត្រូវបានចុះបញ្ជិការចូលទៅក្នុងបញ្ជីសំណុំរឿងរបស់តុលាការអន្ដរជាតិ នៅថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០១៨។
អ្នកនាំពាក្យដដែល បាននិយាយថា ការសម្រចចិត្ដដាក់ទណ្ឌកម្មនុយក្លេអ៊ែរឡើងវិញរបស់អាមេរិក មានចរិតលក្ខណៈផ្ទុយនឹងកាតព្វកិច្ចជាអន្ដរជាតិរបស់សហរដ្ឋអាមេរិក”។ ក្រសួងការបរទេសក៏បានទទូចផងដែរថា អាមេរិក ត្រូវតែបំពេញកាតព្វកិច្ចតាមផ្លូវច្បាប់ ដើម្បីបញ្ឈប់ការំលោភបំពានជាអន្ដរជាតិនេះ និងត្រូវផ្ដល់តាវកាលិក(សងជំងឺចិត្ដ) ចំពោះព្យសនកម្ម ដែលកើតឡើងពីការរំលោភបំពាននោះ។
កាលពីខែឧសភា លោកត្រាំ បាននិយាយថា អាមេរិកគួរតែបោះជំហានចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥ ជាកិច្ចព្រមព្រៀងមួយ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ផែនការសកម្មភាពរួមដ៏ទូលំទូលាយមួយ(JCPOA)។ ក្រោយការសម្រេចិត្ដរបស់លោក ត្រាំ រដ្ឋមន្រ្ដីក្រសួងការបរទេសលោក Mike Pompeo បានសន្យាថា នឹងអនុវត្ដនូវការដាក់ទណ្ឌកម្មដ៏ខ្លាំងក្លាបំផុត ក្នុងប្រវត្ដិសាស្រ្ដប្រឆាំងនឹងទីក្រុងតេរ៉ង់។
ប៉ុន្ដែទោះជាយ៉ាងណា អាឡឺម៉ង់ បារាំង ចក្រភពអង់គ្លេស រូស្ស៊ី និងចិន នៃរដ្ឋហត្ថលេខីនៃសន្ធិសញ្ញានេះ បានរិះគន់ការសម្រេចចិត្ដរបស់ទីក្រុងវ៉ាស៊ីនតោន ដោយធ្វើឱ្យច្របូកបល់ដើម្បីដកខ្លួនចេញកិច្ចព្រមព្រៀង។ កិច្ចព្រមព្រៀងនោះ អនុញ្ញាតឱ្យប្រទេសអ៊ីរ៉ង់លក់ប្រេងរបស់ខ្លួនលើទីផ្សារអន្ដរជាតិ និងលក់ទៅឱ្យក្រុមហ៊ុនបរទេសនានា ដើម្បីចាប់ផ្ដើមការវិនិយោគ នៅក្នុងប្រទេសនេះ។
កាលពីដើមខែនេះ មន្រ្ដីអភិបាលកិច្ច OPEC របស់ប្រទេសអ៊ីរ៉ង់លោក Kazempour Ardebili បានចោទប្រកាន់លោក ត្រាំ ថាមានចេតនាដំឡើងថ្លៃប្រេងសកល តាមរយៈជំហររបស់លោកប្រឆាំងនឹងប្រទេសអ៊ីរ៉ង់។
លោក Ardebili បាននិយាយថា៖” ការសរសេរក្នុងបណ្ដាញ Twitter របស់លោក បានធ្វើឱ្យប្រេងឡើងថ្លៃ ១០ ដុល្លារអាមេរិក។ សូមបញ្ឈប់នូវវិធីសាស្រ្ដនេះ។ ប្រធានផ្នែកប្រេងរូបនេះ ក៏បានចោទប្រកាន់ប្រធានាធិបធីអាមេរិក ថាបានបំពក់ភ្លើងឱ្យកើតភាពតានតឹងនៅមជ្ឈឹមបូព៌ា ជាពិសេសរុញច្រានឱ្យអ៊ីរ៉ង់ប្រឆាំងនឹងប្រទេសអារ៉ាប់”។
ឧស្សាហកម្មប្រេង និងជំនាញហិរញ្ញវត្ថុ បានចង្អុលដាក់លោកត្រាំ ថាបានជម្រុញឱ្យតម្លៃប្រេងសកលឡើងថ្លៃ។
ធនាគារ Commerzbank របស់អាឡឺម៉ង់ បានសរសេរនៅក្នុងរបាយការណ៍មួយ ដោយយោងទៅលើតម្លៃប្រេងថា៖”ឧបសគ្គវាមិនកើតទៅលើប្រធានាធិបតីអាមេរិក គឺលោកដូណាល់ ត្រាំ ដែលជាអ្នកជំរុញឱ្យតម្លៃប្រេងឡើងថ្លៃ តាមរយៈគោលនយោបាយអ៊ីរ៉ង់របស់គាត់នោះទេ”។ ធនាគារនេះ បន្ថែមថា កិច្ចខិតខំប្រឹងប្រែងរបស់អាមេរិក ក្នុងការបញ្ឈប់អ៊ីរ៉ង់មិនឱ្យនាំចេញប្រេង នឹងបង្កការលំបាកសម្រាប់ OPEC ដើម្បីបំពេញតម្រូវការផ្គត់ផ្គង់ ដោយបង្ខំឱ្យតម្លៃប្រេងឡើងថ្លៃ ៕
ប្រែសម្រួល ៖ សារ៉ាត
ប្រភព ៖ msn