(អាមេរិក)៖ លោក Edgar Mitchell ជាអ្នកអវកាស និងជាមនុស្សទី៦ ដែលបានជាន់ដីឋានព្រះច័ន្ទ ក្នុងបេសកកម្មអាប៉ូឡូទី ១៤ នៅក្នុងឆ្នាំ ១៩៧១ បានទទួលមរណភាពហើយ នៅក្នុងវ័យ ៨៥ឆ្នាំ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៦។
បេសកកម្មអាប៉ូឡូទី ១៤ នាឆ្នាំ ១៩៧១ លោក Edgar Mitchell បានចំណាយពេល ៩ម៉ោង ដើម្បីទស្សនាទេសភាពនៅលើឋានព្រះច័ន្ទ។ គាត់បាននិយាយថា អ្វីដែលគាត់បានឃើញនៅលើឋានព្រះច័ន្ទ គឺជាផ្ទាំងទស្សនីយភាពមួយដែលមិនអាចពន្យល់បាន ហើយគាត់ជឿជាក់ថា ក្រុម Aliens គឺបានមកទស្សនាភពផែនដីយើងដូចគ្នា។
លោក Mitchell ត្រូវបានគ្រូសារបញ្ជាក់ថា បានស្លាប់នៅក្នុង West Palm Beach រដ្ឋហ្វឡរីដា កាលពីថ្ងៃព្រហស្បតិ៍ គឺស្ថិតចំថ្ងៃខួបគម្រប់នៃការជាន់ដីឋានព្រះច័ន្ទរបស់លោក ហើយមូលហេតុការស្លាប់គឺមកពីជំងឺចាស់ជរា៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី