បម្រាមបីប្រការដែលចាស់បុរាណតែងហាមប្រាមកូនចៅមិនឱ្យ ប្រព្រឹត្ដ ពិសេសគឺកូន
ប្រុស។ ដោយហេតុថាល្បែងបីប្រការនេះសុទ្ធសឹងតែជាល្បែងដែលផ្ដល់នូវក្ដីវិនាស
មហន្ដរាយ និងអាចមានគ្រោះថ្នាក់ដល់អាយុជីវិតថែមទៀតផង។ តើអ្វីខ្លះជាល្បែង
ទាំងបីដែលចាស់ទុំលោកបានហាម ហើយផ្ដល់នូវគុណវិបត្ដិយ៉ាងណាខ្លះចំពោះបុរស?
អ្វីទៅជាល្បែងទាំងបី?
នៅក្នុងពុទ្ធសាសនា ព្រះលោកសម្ដែងក្នុងបរាភវសូត្រជាល្បែងទាំងបី ឬអបាយមុខទាំងបី។ ល្បែង
ជាគ្រឿងនាំឱ្យញៀន នាំ ឱ្យវិនាស និងផ្ដល់ជាមហន្ដរាយ។ ល្បែងទាំងបីដែលបុរសតែងប្រព្រឹត្ដ
មានគឺ ឥត្ថីធុត្ដៈ សុរាធុត្ដៈ អក្ខធុត្ដៈ។
1. ឥត្ថីធុត្ដៈ ៖ ការចូលចិត្ដលេងសប្បាយកាមគុណជាមួយស្ដ្រី ឬបុរសស្វែងរកការសប្បាយជាមួយ
នឹងស្ដ្រី។
2. សុរាធុត្ដៈ ៖ គឺការសេពគ្រឿងស្រវឹង និងគ្រឿងញៀន។
3. អក្ខធុត្ដៈ ៖ ជាល្បែងភ្នាល់ស៊ីសងគ្រប់ប្រភេទ។
មូលហេតុបុរសប្រព្រឹត្ដល្បែងទាំងបី
មូលហេតុចម្បងមួយគឺបណ្ដាលមកពីការមិនមានភាពខ្មាសអៀនរបស់បុរស រួមនឹងសេរីភាពក្នុង
ការប្រព្រឹត្ដដោយពុំមាន ការរិះគន់។ មួយទៀត គឺដើម្បីស្វែងរកសេចក្ដីសប្បាយ បំពេញនូវសេចក្ដី
សុខខាងផ្លូវកាម រហូតដល់អ្នកខ្លះប្រព្រឹត្ដល្បែងស៊ីសងដើម្បី ស្វែងរកទ្រព្យថែមទៀតផង។ ប៉ុន្ដែ
បុរសមួយចំនួនជ្រើសរើសល្បែងទាំងបីនេះដើម្បីកែប្រែបរិយាកាស បន្ធូរអារម្មណ៍ បំបាត់សេចក្ដី
តប់ប្រមល់ ឬធុញទ្រាន់។ ពេលខ្លះដើម្បីដោះស្រាយនូវវិបត្ដិផ្សេងៗ ដូចជាវិបត្ដិ ទំនាស់ ការកើត
មានបញ្ហាផ្លូវចិត្ដជាដើម។
ផលប៉ះពាល់នៃល្បែងទាំងបី
ស្រី ស្រា ល្បែង បុរាណតែងហាមកុំឱ្យប្រព្រឹត្ដ ព្រោះជាល្បែងដែលនាំមកនូវសេចក្ដីវិនាសយ៉ាង
ពិតប្រាកដ។
1. សេដ្ឋកិច្ច ៖ ជាកត្ដាចម្បងដែលមានគុណវិបត្ដិដោយសារការប្រព្រឹត្ដនូវល្បែងទាំងបី នេះ។
ជាធម្មតាការចេញទៅសេព កាមខាងក្រៅ គ្រឿងស្រវឹង និងគ្រឿងញៀន តែងតែត្រូវចំណាយ
ទ្រព្យធនក្នុងផ្ទះដើម្បីបំពេញតម្រូវការទាំងនោះ។ ប្រសិនបើការ សេពគ្រឿងអបាយមុខទាំងនោះ
កាន់តែខ្លាំងក៏នឹងត្រូវចំណាយប្រាក់កាន់ តែច្រើន។ ឯការប្រព្រឹត្ដនូវល្បែងស៊ីសង ជាផលធ្វើឱ្យ
ខាតបង់ ទ្រព្យធ្ងន់ធ្ងរជាងគេ រហូតមានលោកអ្នកខ្លះបង់អស់ទ្រព្យសម្បត្ដិគ្រប់យ៉ាង ជំពាក់បំណុល
ឬពេលខ្លះបែរទៅប្រព្រឹត្ដអំពើមិនត្រឹមត្រូវ ដូចជាលួច ឆក់ បោកប្រាស់ជាដើម ដើម្បីដោះស្រាយ
បញ្ហាជីវិត និងដោះបំណុល។ កម្រនឹងមានអ្នកណាម្នាក់ប្រកាសប្រាប់ថាខ្លួនក្លាយ ជាអ្នកមានដោយ
សារការលេងល្បែងនោះឡើយ។
2. សុខភាព ៖ ការប្រព្រឹត្ដកាមគុណនឹងស្រីខាងក្រៅ និងសេពគ្រឿងញៀនមិនត្រឹមតែធ្វើឱ្យខាត
បង់ទ្រព្យប៉ុណ្ណោះទេ ថែម ទាំងប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរថែមទៀតផង។ តម្រូវការខ្លាំង
ខាងផ្លូវភេទ ហើយញឹកញាប់ផងនោះអាចធ្វើឱ្យកម្លាំងចុះខ្សោយ និងប្រឈមមុខនឹងជម្ងឺផ្សេងៗ
ដូចជាជម្ងឺស្វាយ មហារីកប្រូស្ដាត ជម្ងឺអេដស៍ជាដើម។ សុរាក៏អាចធ្វើឱ្យមានបញ្ហាសុខភាព បង្កជា
ជម្ងឺ បាន ដូចជារលាកថ្លើមក្រពះពោះវៀន ហើយក៏អាចប៉ះពាល់ដល់សតិអារម្មណ៍ផងដែរ។ មិន
ខុសគ្នានោះដែរ ការលេងល្បែងក៏ធ្វើឱ្យប៉ះ ពាល់ដល់សុខភាពផ្លូវចិត្ដទៅជាមួម៉ៅខឹងនៅពេល
ចាញ់ល្បែង។
3. គ្រួសារ ៖ ប៉ះពាល់ទៅដល់គ្រួសារ បង្កឱ្យកើតទំនាស់ និងអំពើហិង្សា គ្រួសារគ្មានសុភមង្គល។
ប្រពន្ធប្រច័ណ្ឌប្ដី ដោយ សារស្វាមីទៅមានស្រីខាងក្រៅផ្ទះ។ បុរសសេពគ្រឿងស្រវឹង និងគ្រឿង
ញៀនបាត់បង់ស្មារតីវាយដំកូនប្រពន្ធ។ ស្រា ស្រី ល្បែង ធ្វើឱ្យ គ្រួសារគ្មានសេចក្ដីសុខ បាត់បង់
អនាគតកូន រហូតមានការលែងលះបែកបាក់គ្នាថែមទៀតផង។
4. សង្គម ៖ មិនអាចចៀសផុតពីផលប៉ះពាល់ទៅលើសង្គមនោះទេ ប្រសិនបើប្រជាពលរដ្ឋភាគ
ច្រើនប្រព្រឹត្ដនូវល្បែងកាម គុណខាងក្រៅ សេពសុរា គ្រឿងស្រវឹង គ្រឿងញៀន ឬលេងល្បែង
ស៊ីសង។ ព្រោះថាបុរសជាគ្រឹះយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សង្គម បើបុរសរវល់តែឈ្លក់វង្វេង
នឹងល្បែងទាំងបីនេះ ពួកគេមិនមានឱកាសទៅបម្រើការងារ និងធ្វើតួនាទីដែលខ្លួនត្រូវបំពេញ
នោះទេ។ ផ្ទុយទៅវិញបន្សល់ទុកក្នុងសង្គមនូវជនពាលាអាវាសែ ស្រវឹងខួប អ្នកជម្ងឺអេដស៍ និង
អ្នកមានបញ្ហាផ្លូវចិត្ដ។ ទីបំផុតបន្សល់ទុកនូវស្ដ្រី មេម៉ាយ កុមារកំព្រា ឬយុវជនដែលអសមត្ថភាព
ជាហេតុធ្វើឱ្យបាត់បង់នូវធនធានមនុស្សសម្រាប់អភិវឌ្ឍន៍សង្គម។
5. កិត្ដិយស ៖ កិត្ដិយសផ្ទាល់ខ្លួនក៏នឹងត្រូវបាត់បង់ចំពោះបុគ្គលនិយមស្រី ស្រា ល្បែងនេះដែរ អ្នក
ផងមិនរាប់រកជាសន្ដាន ។ ជាងនេះទៅទៀត គេមិនអាចយកបុគ្គលបែបនេះធ្វើជាសាក្សីក្នុងរឿងក្ដីក្ដាំ
បានទេ ព្រោះគេចាត់ទុកមនុស្សបែបនេះជាមនុស្សដែល មិនមានការទទួលខុសត្រូវ និងម្ចាស់ការលើ
ខ្លួនឯង។
បុរសគួរប្រព្រឹត្ដយ៉ាងណា?
មានប្រការងាយៗដែលបុរសគួរប្រតិបត្ដិដើម្បីជួយដល់ខ្លួនឯង គ្រួសារ និងសង្គម។
សម្រាប់បុរសដែលមានគ្រួសារ គួរកុំទៅប្រព្រឹត្ដកាមគុណនៅខាងក្រៅផ្ទះ ឬគួរកាត់បន្ថយ
តែចាំបាច់គួរមានការការពារ ឱ្យត្រឹមត្រូវរាល់ការរួមភេទ(ប្រើស្រោមអនាម័យ)។ គួរចៀស
វាងការលេងល្បែងគ្រប់ប្រភេទដែលអាចនាំមកនូវសេចក្ដីវិនាស អន្ដរាយ ខាតបង់ទ្រព្យ
សម្បត្ដិ អនាគត និង ពេលវេលា។ សុរា គ្រឿងញៀន និងគ្រឿងស្រវឹងគ្រប់ប្រភេទជាវត្ថុ
ដែលមនុស្សមិនគួរប្រព្រឹត្ដ ព្រោះអាចធ្វើឱ្យប៉ះពាល់ជាច្រើនប្រការ ដូចជាសុខភាពទាំងផ្លូវ
កាយ និងផ្លូវចិត្ដ។
ដំបូន្មានអ្នកប្រឹក្សា
សូមលោកអ្នកជ្រាបថាបម្រាមទាំងបីដែលចាស់បុរាណបានហាមនេះ គឺសុទ្ធតែផ្ដល់នូវគុណវិបត្ដិ
ហើយដែលលោកអ្នក ជាពិសេសបុរសគួរចៀសវាងកុំប្រព្រឹត្ដដោយប្រការណាមួយឡើយ។ សូម
បុរសទូទៅចងចាំថាគ្រួសារលោកអ្នកកំពុងរង់ចាំលោកអ្នក នៅឯផ្ទះ ហើយអនាគតរបស់លោកអ្នក
ក៏កំពុងទន្ទឹងរង់ចាំមើលផ្លូវលោកអ្នកផងដែរ៕
ដោយ៖ សង្ហារ
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង