CamNews

ព័ត៌មានអន្តរជាតិ 

មូលហេតុ នៃការធ្លាក់យន្តហោះ នៅតៃវ៉ាន់ សម្លាប់មនុស្ស រាប់សិបនាក់ ត្រូវបានបញ្ជាក់ ការពិតហើយ

(តៃប៉ិ)៖ លទ្ធផលនៃការស៊ើបអង្កេតចុងក្រោយ បានចេញមកហើយ បន្ទាប់ពីការធ្លាក់យន្តហោះ TransAsia របស់ កោះតៃវ៉ាន់ កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៥ ដោយក្នុងនោះ មន្ត្រីជំនាញបានអះអាងថា ជាកំហុសបច្ចេកទេសរបស់ ពីឡុតដែលបានបញ្ជាយន្តហោះធុនមធ្យមខាងលើនេះ ទើបបណ្តាលឲ្យវាធ្លាក់បន្ទាប់ពីហោះឡើងបានបន្តិចនោះ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិចដោយ Channel News Asia នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនា ឆ្នាំ២០១៦។

របាយការណ៍មកពីក្រុមប្រឹក្សាសុវត្ថិភាពអាកាសចរណ៍តៃវ៉ាន់ TASC បានបញ្ជាក់ថា នៅថ្ងៃដែលកើតមានគ្រោះ មហន្តរាយនោះ ពីឡុតបានច្រឡំបិទម៉ាស៊ីនជើងហោះ GE235 ដែលកំពុងដំណើរការ ខណៈដែលម៉ាស៊ីន ផ្សេងទៀតបានឆាបឆេះ។ ពីឡុតរូបនោះទំនងជាបានដឹងកំហុសរបស់ខ្លួន នៅរយៈពេលប៉ុន្មានវិនាទីបន្ទាប់ទៀត ទើបសម្រេចបញ្ជាយន្តហោះ ដែលគ្រប់គ្រងស្ថានការណ៍លែងបានទៅហើយនោះ ឲ្យធ្លាក់ចូលទៅក្នុងទន្លេវិញ។

គួរបញ្ជាក់ថា យន្តហោះខាងលើនេះបានធ្លាក់បន្ទាប់ពីទើបហោះឡើងបានតែប៉ុន្មាននាទីប៉ុណ្ណោះ ហើយក្នុងនោះបាន ដឹកអ្នកដំណើរ ៥៣នាក់។ តាមខ្សែវីដេអូបង្ហាញថា យន្តហោះបានផ្អៀងខ្លួន អូសស្លាបទៅនឹងស្ពានអាកាស ទើបធ្លាក់ ចូលទៅក្នុងទន្លេ Keeling នៃទីក្រុងតៃប៉ិជាក្រោយ។

ពីដំបូងឡើយ ពីឡុត ខាងលើនេះត្រូវបានចាត់ទុកជាវីរៈបុរស ដែលបានប្រថុយជីវិតចុងក្រោយ ទើបអាចសង្គ្រោះ មនុស្ស១០នាក់ឲ្យរួចជីវិត ប៉ុន្តែពេលនេះលទ្ធផលស៊ើបអង្កេតចេញមកជាផ្លូវការណ៍បានបញ្ជាក់ថា គឺរូបគាត់ទៅវិញទេ ដែលបានបាត់បង់ភាពម្ចាស់ការ ហើយសាងនូវកំហុសដ៏ធំមួយ ដែលនាំឲ្យយន្តហោះធ្លាក់៕

 


ប្រភព​ ៖ CNA

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Taiwan Girl Int news Unbelievable news Transasia