(ហ្វីលីពីន)៖ ថ្មីៗនេះ ក្រុមអ្នកច្បាប់នៅហ្វីលីពីន បានដាក់ញត្តិមួយទៅកាន់សភា ក្នុងបំណងសុំឲ្យបវរកញ្ញាឯកពិភពលោក ដែលទើបនឹងទទួល បានជ័យលាភីឆ្នាំ២០១៥ គឺនាង Pia Alonzo Wurtzbach អាចរួចផុតពីការបង់ពន្ធ គ្រប់ជ័យជំនះរបស់នាងទាំងអស់ ដែលទទួលបានកំឡុងពេល ប្រកួតប្រជែងសម្រស់ ជាលក្ខណៈអន្តរជាតិ កាលពីពេលថ្មីៗកន្លងទៅនេះ។
សមាជិកសភាម្នាក់ គឺលោក Rufus Rodriguez សមាជិកសភាប្រចាំទីក្រុង Cagayan de Oro បានសម្តែងការសរសើរ ពីភាពក្លាហានរបស់ Wurtzbach ជាខ្លាំង ហើយបវរ កញ្ញាឯកហ្វីលីពីន ដ៏ស្រស់សោភារូបនេះ អាចនឹងទទួលបានតួនាទីជាឯកអគ្គរាជទូតសុឆន្ទៈ ប្រចាំប្រទេសទៀតផង ។ នេះបើតាមការលើកឡើង របស់សមាជិកសភាម្នាក់នេះ។
លោក Rodriguez បញ្ជាក់ថា នឹងមានការទទួលស្វាគមន៍ Wurtzbach យ៉ាងកក់ក្តៅ នៅពេលដែលនាងវិលត្រឡប់មកពីអាមេរិកវិញ រីឯប្រធាននាយកដ្ឋានទេសចរណ៍ហ្វីលីពីន គឺលោក Catalino Chan ក៏លើកឡើងដែរថា ជោគជ័យរបស់ Wurtzbach នឹងជួយជម្រុញកំណើនទេសចរណ៍ ក្នុងតំបន់ថែមមួយកម្រិតទៀត។
គួរបញ្ជាក់ថា ជ័យជំនះរបស់ Wurtzbach ដែលជាប់ជាបវរកញ្ញាឯកពិភព លោកក្នុងឆ្នាំ២០១៥ នេះគឺជាភាពជោគជ័យ របស់ហ្វីលីពីនលើកទី៣ ហើយបន្ទាប់ពីតារាសម្តែងស្រីម្នាក់ គឺនាង Gloria Diaz បានឈ្នះការប្រកួតលើកដំបូង នៅឆ្នាំ១៩៦៩ និង Margie Moran ឈ្នះការប្រកួតលើកទីពីរ កំឡុងឆ្នាំ១៩៧៣។
- អាន ៖ Pacquiao៖ ជ័យជំនះរបស់បវរកញ្ញា ឯកហ្វីលីពីន ហាក់បីដូចជាសងសឹក និងឌឺដងឲ្យ Floyd
ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី