ភ្នំពេញ៖ បន្ទាប់ពីការប្រកាសប្រើប្រាស់ជាផ្លូវការបានរយៈពេល ជិតមួយខែ នៅពេលនេះ ទំព័រ Facebook របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលមានឈ្មោះ Samdech Hun Sen, Cambodian Prime Minister ត្រូវបានក្រុមហ៊ុន Facebook Inc. ទទួលស្គាល់ជាផ្លូវការហើយ (Verify) ដោយមានចេញសញ្ញាធិក ពណ៌ខៀវ។
នៅយប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៥ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅលើ Facebook របស់សម្តេចថា «ខ្ញុំព្រះករុណា ខ្ញុំសូមអរគុណព្រះតេជគុណ ព្រះសង្ឃ បងប្អូនប្រជាពលរដ្ឋ មន្រ្តីរាជការ សិស្ស និស្សិត និងយុវជន ទាំងក្នុងនិងក្រៅប្រទេសទាំងអស់ដែលបានចូលរួមនៅក្នុងគេហទំព័រ Facebook ផ្ទាល់ខ្លួនរបស់ខ្ញុំព្រះករុណាខ្ញុំ ។ ដើម្បីឲ្យអស់ចម្ងល់ គឺខ្ញុំព្រះករុណា ខ្ញុំបានបញ្ជាក់ជូនក្រុមហ៊ុន Facebook ជាផ្លូវការហើយ។ ពេលនេះនៅលើ ទំព័រគឺមានមានសញ្ញាសម្គាល់ VERIFY ពណ៌ខៀវ ទើបជាទំព័រផ្លូវការពិតរបស់ខ្ញុំព្រះករុណាខ្ញុំ»។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសប្រើប្រាស់ទំព័រ Facebook របស់សម្តេចជាផ្លូវការនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០១៥ ជាមួយនិងអ្នកចុច Like ចំនួន ១.០៦២.០៣០ រហូតដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៥នេះ ចំនួនអ្នកចុច Like កើនដល់ ១.២០៦.០៩៥។ រយៈពេលជិតមួយខែបន្ទាប់ពីការប្រើប្រាស់ជាផ្លូវការចំនួនអ្នកចុច Like លើទំព័រ Facebook របស់នាយករដ្ឋមន្រ្តី មានជិត ២០ម៉ឺននាក់។
បច្ចុប្បន្ននេះចំនួនអ្នកប្រើប្រាស់ Facebook ទាំងអស់នៅលើពិភពលោកមានចំនួនជាង ១៤៤០លាននាក់, ហើយ ចំនួនអ្នកប្រើប្រាស់ជាប់ជាប្រចាំថ្ងៃ (Daily Active Users) មានចំនួន ៩៣៦លាននាក់, ដោយក្នុងនោះ អ្នកប្រើ ប្រាស់លើទូរស័ព្ទមានរហូតដល់ចំនួន ៨៧ភាគរយ។
នៅកម្ពុជា មិនទាន់មានប្រភពណាមួយបញ្ជាក់ឲ្យច្បាស់លាស់ពីចំនួនអ្នកប្រើប្រាស់ Facebook នៅឡើយទេ។ តែ បើតាមក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ បានឲ្យដឹងថា គិតត្រឹមខែមិថុនា ឆ្នាំ២០១៥ ចំនួនអ្នកប្រើប្រាស់ Internet មានជិត ៦លាននាក់។ ក្នុងនោះអ្នកប្រើ Internet ចល័តមានជាង ៥,៨ម៉ឺននាក់ និង អ្នកប្រើ Internet អចល័ត មានជាង ៧ម៉ឺននាក់។
បើទោះបីមិនទាន់មានការបញ្ជាក់ពីចំនួនអ្នកប្រើប្រាស់ Facebook នៅកម្ពុជា តែគេអាចប៉ាន់ប្រមាណដឹងថា ចំនួន អ្នកប្រើបណ្តាញសង្គមដ៏ពេញនិយមមួយនេះ នៅកម្ពុជាមិនក្រោមខ្ទង់លាននាក់ឡើយ ត្បិតថា បច្ចុប្បន្នរាល់អ្នក ដែលមាន Internet ប្រើប្រាកដជាមានគណនេយ្យ Facebook ផ្ទាល់ខ្លួនជាមិនខាន។
នៅកម្ពុជា Facebook បានក្លាយទៅជាមជ្ឈមណ្ឌលចែកចាយព័ត៌មានមួយដ៏ធំ ទាំងរឿងផ្ទាល់ខ្លួន រឿងសាធារ ណៈ រឿងអយុត្តិធម៌សង្គម បូករួមទាំងបញ្ហាផ្សេងៗជាច្រើនទៀត ដែលកើតមានប្រចាំថ្ងៃនៅកម្ពុជា ភាគច្រើនត្រូវ បានគេរំលេចឡើងលើទំព័រ Facebook៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល