(ហូជីមិញ)៖ វិទ្យាស្ថានប៉ាស្ទ័រទីក្រុងហូជីមិញ បានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា ស្រ្តីចំនួនពីរនាក់ ដែលរស់នៅក្នុងទីក្រុង ហូជីមិញ ត្រូវបានគេពិនិត្យរកឃើញថា មានផ្ទុកវីរុស Zika ដែលប្រការនេះ បានធ្វើឲ្យចំនួនសរុបនៃអ្នកជំងឺ Zika នៅក្នុងប្រទេសវៀតណាម កើនដល់ ០៧នាក់។ នេះបើតាមការ ចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នារសៀលថ្ងៃសៅរ៍ ទី១៥ ខែតុលា ឆ្នាំ២០១៦។
នៅក្នុងចំណោមករណីសរុបទាំង០៧ មានបួនករណីស្ថិតនៅក្នុងទីក្រុងហូជីមិញ, មួយករណី មកពីខេត្ត Binh Duong ភាគខាងត្បូង, និងពីរករណីទៀត មកពីខេត្ត Khanh Hoa និង Phu Yen ភាគកណ្តាលប្រទេសវៀតណាម ខណៈករណីថ្មីដែលទើបនឹងត្រូវរកឃើញខាងលើ រួមមានស្រ្តីវ័យ ២២ឆ្នាំ មកពីសង្កាត់លេខ២ និងស្រ្តីវ័យ ៤៣ឆ្នាំ មកពីសង្កាត់លេខ១២ ហើយសុខភាពអ្នកទាំងពីរ បានត្រឡប់មករកភាពប្រសើរដូចដើមវិញហើយ។
ជាមួយគ្នានេះដែរ ក្រសួងសុខាភិបាល វៀតណាមបានស្នើយ៉ាងទទួចដល់ បណ្តានាយកដ្ឋានសុខភាព នៅទូទាំងប្រទេស ឲ្យបន្តតាមដានករណីណាដែលគួរឲ្យសង្ស័យ និងធ្វើតេស្តត្រួតពិនិត្យបន្ថែម ព្រមទាំងបន្តកម្ចាត់សត្វមូសនិងដង្កូវទឹក ហើយចាំបាច់ត្រូវផ្តោតការ យកចិត្តទុកដាក់ខ្ពស់ជាប់ជានិច្ច ចំពោះស្រ្តីមានផ្ទៃពោះ និងអ្នកដែលគ្រោងនឹងពពោះ។
គួរបញ្ជាក់ដែរថា វីរុស Zika ឆ្លងតាមរយៈសត្វមូសខាំ ហើយអាការៈទូទៅរបស់អ្នកជំងឺ រួមមាន គ្រុនក្តៅ ស្បែកឡើងកន្ទួលក្រហម និងឈឺសន្លាក់ដៃជើង ដោយបន្ថែមពីនេះ វាក៏អាចបង្កឲ្យទារកនៅក្នុងផ្ទៃ របស់ស្ត្រីដែលកំពុងពពោះ កើតមកមានក្បាលតូចខុសពីធម្មតាបានថែមទៀតផង៕
ប្រភព ៖ ស៊ិនហួរ
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី