CamNews

សម្រស់ 

ស្រ្ដីគួរតែជៀសវាងទម្លាប់ខុសឆ្គងទាំងនេះ ដើម្បីកុំប៉ះពាល់ដល់សុខភាព និងខូចលក្ខណៈខាងក្រៅ

មុនពេលចូលគេង អ្នកគួរតែប្រើផលិតផលលាងសម្អាតម្សៅផាត់ចេញពីមុខ លាងសម្អាតមុខដោយទឹក ហើយទើបលាបក្រែមរក្សាសំណើមតាមក្រោយ។ វាជារឿងធម្មតាទៅហើយ ដែលយើងតែងតែគិត​ពីចំណុចត្រូវ ឬខុស ដែលយើងធ្វើក្នុងជីវិតប្រចាំថ្ងៃ។ ប៉ុន្ដែទោះយ៉ាងនេះក្ដី ក៏នៅមានទម្លាប់ប្រចាំថ្ងៃមួយចំនួន ដែលធ្វើឱ្យខូចលក្ខណៈខាងក្រៅ ឬសុខភាពរបស់អ្នក ដែលអ្នកអាចមើលរំលង។ 

ដូច្នេះថ្ងៃនេះ យើងសូមលើកយកទម្លាប់មួយចំនួនមកបង្ហាញមិត្ដស្រ្ដីឱ្យបានជ្រាប ពីព្រោះយើងតែងតែធ្វើទម្លាប់ទាំងនេះ ទាំងមិនបានដឹងថា វាធ្វើឱ្យប៉ះពាល់ដល់ខ្លួនយើង។


១. អង្គុយគងអន្ទាក់ខ្លា៖ ការអង្គុយគងអន្ទាក់ខ្លា គឺជាទម្លាប់ ដែលស្រ្ដីភាគច្រើន តែងតែធ្វើ។ តាមពិត ស្រ្ដីភាគច្រើនអង្គុយបែបនេះ យ៉ាងឡូយឆាយ។

-ប៉ុន្ដែកុំភ្លេចថា ការអង្គុយគងអន្ទាក់ខ្លា ពិតជាបង្កផលប៉ះពាល់ និងធ្វើឱ្យរំហូរឈាមធ្លាក់ចុះ ដែលបណ្ដាលកើតបញ្ហាផ្សេងៗដូចជា ប៉ោងសរសៃឈាមជាដើម។


-លើសពីនេះទៅទៀត វាគឺជាកាយវិការមួយ ដែលបណ្ដាលឱ្យឈឺខ្នង និងបង្កបញ្ហាដល់សរីរាង្គបន្ដពូជ។ បញ្ហាទាំងនេះ បណ្ដាលមកពីសម្ពាធ ដែលសង្កត់ទៅលើជើង ក្នុងរយៈពេលយូរ។

២. ងូតទឹកក្ដៅ៖ មនុស្សភាគច្រើន ងូតទឹកក្ដៅដើម្បីឱ្យមានអារម្មណ៍ស្រួលក្នុងខ្លួន និងសម្រាកសម្រាន្ដ ព្រមទាំងជាទម្លាប់មួយជាទីពេញចិត្ដរបស់ពួកគេ។ ប៉ុន្ដែយើងពុំបានចាប់អារម្មណ៍នោះទេដែលថា សីតុណ្ហភាពក្ដៅ ធ្វើឱ្យប៉ះពាល់ដល់ស្បែករបស់យើង ប្រៀបបាននឹងកម្ដៅថ្ងៃអីចឹងដែរ ដោយធ្វើការផ្លាស់ប្ដូរតុល្យភាពធម្មជាតិរបស់ស្បែក។  ទឹកក្ដៅអាចជាមូលហេតុ ដែលធ្វើឱ្យអ្នកក្រហាយស្បែក រមាស់ ឬស្បែកស្ងួត។

-អ្នកឯកទេសជំងឺសើស្បែក ណែនាំឱ្យបន្ថយសីតុណ្ហភាពទឹក ជំនួសឱ្យការកាត់បន្ថយចំនួនដងនៃការងូតទឹក។

-ម្យ៉ាងទៀត កុំភ្លេចប្រើផលិតផលរក្សាសំណើមស្បែក ដែលមិនធ្វើឱ្យក្រហាយស្បែករបស់អ្នក។ ប្រសិនបើអាច អ្នកគួរជៀសវាងប្រើក្រែមផ្ដល់សំណើមណា ដែលមានក្លិនក្រអូបខ្លាំង​ ព្រមទាំងប្រភេទផលិតផលមានជាតិគគ្រើម ដែលអាចធ្វើឱ្យខូចស្បែករបស់អ្នក។


៣. ចងសក់ ក្រោយពីងូតទឹករួចភ្លាមៗ៖ វាជាទម្លាប់ដ៏សាមញ្ញមួយ ហើយវាជាប្រតិកម្មស្វ័យប្រវត្ដិមួយសម្រាប់ស្រ្ដីភាគច្រើន ប៉ុន្ដែទម្លាប់នេះ បង្កផលប៉ះពាល់ដល់សក់គួរឱ្យភ្ញាក់ផ្អើល ពីព្រោះនៅពេលសក់របស់អ្នកសើម វាមានសភាពផុយ និងខ្សោយ។ ដូច្នេះ ប្រសិនបើអ្នកសិតសក់របស់អ្នកទាំងសើម វាមានឱកាសខ្ពស់ ដែលធ្វើឱ្យសក់ដាច់ និងជ្រុះ។

-ប្រសិនបើអ្នកចង់រក្សាសរសៃសក់របស់អ្នកឱ្យមានសុខភាពល្អ យើងសូមណែនាំឱ្យអ្នកជូតសម្ងួតសក់ថ្នមៗ ដោយប្រើកន្សែងពោះគោ។

-បន្ទាប់មក ទុកឱ្យសក់របស់អ្នកស្ងួតដោយកម្លាំងខ្យល់បក់ មុនពេលសិតវា។

-មុនថាសក់របស់អ្នកវែងយ៉ាងណានោះទេ សូមចាប់ផ្ដើមសិតពីចុងសក់ទៅមុន រួចរះទៅគល់សក់។


៤. ប៉ះមុខជាញឹកញាប់៖ ជាធម្មតាយើងតែងប៉ះមុខរបស់យើង ជាច្រើនដងក្នុងមួយថ្ងៃ ទាំងភ្លេចខ្លួន។ យើងធ្វើវាដោយស្វ័យប្រវត្ដិ ប៉ុន្ដែជួនកាលដៃរបស់យើងកខ្វក់ ក៏យើងនៅតែប៉ះមុខ។ ការប៉ះមុខរបស់អ្នកអាចបង្កបញ្ហាដល់ស្បែកជាច្រើន។

-អាការៈក្រហាយស្បែក និងកើតមុន តែងតែកើតមានជាធម្មតា ដោយសារតែធូលី និងបាក់តេរីកពូន នៅលើដៃរបស់អ្នក ដែលឆ្លងទៅមុខរបស់អ្នក នៅពេលដែលអ្នកប៉ះមុខ ៕


ប្រែសម្រួល ៖ សារ៉ាត


Tags: Faceline Cambodia