ព័ត៌មានអន្តរជាតិ ៖ ក្មេងប្រុសតូចវ័យ ១០ ឆ្នាំ ដែលជនជាតិ ហ្វាំងឡង់ និងមានឈ្មោះថា Jani គឺ ទទួលបានប្រាក់រង្វាន់ដល់ទៅ ១០,០០០ ដុល្លារសហរដ្ឋអាមេរិក បន្ទាប់ពី គេរកឃើញ កំហុសឆ្គង សុវត្ថិភាព ពាក់ព័ន្ធនឹងការចែករំលែករូបភាព នៅលើបណ្តាញទំនាក់ទំនងសង្គម Instagram ។
ក្មេងប្រុសវ័យ ១០ ឆ្នាំ ដែលជាផ្លូវការពុំទាន់មានការអនុញ្ញាតឲ្យចូលប្រើប្រាស់ បណ្តាញទំនាក់ ទំនងសង្គមខាងលើ លុះត្រាតែ ៣ ឆ្នាំខាងមុខទៀតនោះ រូបគេរកឃើញ កំហុសឆ្គង (Bug) មួយ ដែលអនុញ្ញាតឲ្យគេអាចលុុបបាននូវមតិ ខមមិន របស់អ្នកប្រើប្រាស់បណ្តាញសង្គមឯទៀត ។ កំហុសឆ្គងខាងលើនេះ ភ្លាមៗ ត្រូវបានសិក្សានិងកែសម្រួលឡើងវិញភ្លាម បន្ទាប់ពី Jani រកឃើញ នេះបើយោងតាម Facebook ដែលជាក្រុមហ៊ុនគ្រប់គ្រង Instagram ។ ជាការពិត Jani ទទួលបាន ប្រាក់រង្វាន់ភ្លាមៗ បន្ទាប់ពីរូបគេក្លាយជាបេក្ខភាព វ័យក្មេងបំផុត ដែលបានរកឃើញ កំហុសឆ្គង ខាងលើ ។ ក្រោយពី គេបានរកឃើញកំហុសត្រង់ប្រការនេះ គេបានផ្ញើ Email ទៅកាន់ ហ្វេសប៊ុក អំឡុងខែ កុម្ភៈ កន្លងទៅនេះ ។ វិស្វករសន្តិសុខ នៅក្រុមហ៊ុន ហ្វេសប៊ុក បានបង្កើតឡើងនូវ Test Account សម្រាប់ Jani ដើម្បីបញ្ជាក់ពីការរកឃើញរបស់គេ លទ្ធផល ក្មេងតូច Jani វ័យ ១០ ឆ្នាំ ធ្វើឲ្យវិស្វករប្រព័ន្ធសុវត្ថិភាព ហ្វេសប៊ុក ភ្ញាក់ផ្អើលនិងភ្លឺភ្នែកជាខ្លាំង។ វ័យ ទើបតែ ១០ ឆ្នាំ Jani មកពីទីក្រុង Helsinki ប្រទេស ហ្វាំងឡង់ មានគម្រោងយកប្រាក់រង្វាន់ដែលខ្លួនទទួលបាននោះ ទៅទិញកង់មួយគ្រឿងថ្មី ឧបករណ៍កីឡា ក៏ដូចជាកុំព្យូទ័រសម្រាប់បងប្អូនប្រុសរបស់គេជាដើម ។
Facebook គូសបញ្ជាក់ឲ្យដឹងថា ខ្លួនធ្លាប់បានចំណាយប្រាក់ដល់ទៅ ៤,៣លានដុល្លារ ទៅដល់ បេក្ខភាពដែលបានរកឃើញកំហុសឆ្គងណាមួយ ចាប់តាំងពីឆ្នាំ ២០១១ ។ ជាការពិត ក្រុមហ៊ុន ភាគច្រើនបានលើកទឹកចិត្តផ្នែក ហរិញ្ញវត្ថុទៅកាន់អ្នកជំនាញសុវត្ថិភាព ក្នុងគោលបំណង ចែក រំលែកគុណវិបត្តិ ក៏ដូចជា កំហុសឆ្គង ជាជាងលក់ពួកគេទៅកាន់ ទីផ្សារ ងងឹត ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី