ព័ត៌មានអន្តរជាតិ ៖ ពួកឧទ្ទាម អាប៊ូ សៃយាហ្វ នៅប្រទេសហ្វីលីពីន បានប្រកាស ទាមទារប្រាក់ចំនួន ១ពាន់លានប៉េសូ ស្មើនឹង ២៩,៣២ លានដុល្លារសឹង្ហបុរី ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំងម្នាក់ៗក្នុង ចំណោម ៤ នាក់ ដែល ត្រូវបានចាប់ខ្លួន នៅសណ្ឋាគារ កោះ សាម៉ាល់ ក្នុងក្រុង ដាវ៉ាវ ឌែល ណូតេ ភាគ ខាងត្បូងហ្វីលីពីន កាលពី ថ្ងៃទី២១ ខែកញ្ញា នោះ។
រូបភាព ឯកសារ ក្រុមឧទ្ទាម អាប៊ូ សៃយាហ្វ និងចំណាប់ខ្មាំង អាល្លឹម៉ង់ ២ រូប អំឡុងឆ្នាំ ២០១៤
ទីភ្នាក់ងារព័ត៌មាន រដ្ឋ ចិន ស៊ិនហួរ ចេញ ផ្សាយ នៅថ្ងៃពុធ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះទៀតថា ពួក អាប៊ូ សៃយ៉ាហ្វ បានធ្វើការទាមទារ ដូចខាងលើនេះ តាមរយៈខ្សែវីដេអូ តាមបណ្តាញសង្គមរបស់ ខ្លួន ដោយក្នុងនោះ ក៏បាន បង្ហាញនូវជនរងគ្រោះ៤នាក់ ដែលមានលោក ចន រ៉ៃដស៍ដែល អាយុ ៦៨ ឆ្នាំ ជាជនជាតិកាណាដា និយាយ សំណូមពរឲ្យរដ្ឋាភិបាលកាណាដា ព្យាយាមជួយសង្គ្រោះ ពួកគេ។
លោក រ៉ៃដស៍ដែល បានថ្លែងក្នុងវីដេអូ ដូច្នេះថា « ពួក យើងត្រូវ ការប្រាក់លោះខ្លួន ក្នុងតម្លៃ ម្នាក់ៗ ១ពាន់លាន ប៉េសូ ។ ខ្ញុំសូមស្នើទៅកាន់ នាយករដ្ឋមន្ត្រី កាណាដា និងប្រជាជន នៃប្រទេសកាណាដា សូមមេត្តាផ្តល់ប្រាក់លោះ នេះ ឲ្យបានផង ព្រោះបើមិន ដូច្នេះទេ ជីវិតរបស់ពួកយើង នឹងត្រូវបាត់បង់ ហើយ »។
ដោយឡែក ជនដែលត្រូវគេចាប់ជម្រិត ផ្សេងទៀត មានជនជាតិកាណាដា និងណ័រវេស។ យ៉ាង ណា ក៏ដោយ យោធាហ្វីលីពីន ដែលមានលោក ផាឌីឡា ជាអនុសេនីយ៍ និង អ្នកនាំពាក្យ បានលើកឡើង ថា កងទ័ពមិនទាន់ អាចធ្វើការបកស្រាយណាមួយ ជុំវិញវីដេអូ ដែលត្រូវបានបង្ហោះនោះនៅឡើយ ទេ យោធាកំពុងបន្តប្រតិបត្តិការ របស់ខ្លួននៅឡើយ ដើម្បីស្វែងរក ទីកន្លែងដែលជនរងគ្រោះត្រូវបានគេ លាក់ទុក ៕