(ប៉ារីស)៖ កីឡាករខ្សែប្រយុទ្ធជួរមុខ Radamel Falcao បានជួយឲ្យក្រុម AS Monaco ឡើងទៅឈរនៅកំពូលតារាង នៃ Ligue 1 បណ្តោះអាសន្នវិញ តាមរយៈស៊ុតបញ្ចូលបាន១គ្រាប់ ពេលក្រុមភ្ញៀវ Monaco បំបាក់ម្ចាស់ផ្ទះ Lorient ៣-០ យប់មិញនេះ។
តាមរយៈសារព័ត៌មាន BBC បានចេញផ្សាយថា កីឡាករជនជាតិកូឡុំប៊ី វ័យ៣៣ឆ្នាំ Falcao រកបាន៥គ្រាប់ ក្នុងចំណោម៣ប្រកួតចុងក្រោយនេះ ដែលជាការបង្ហាញទម្រង់លេងល្អឡើងវិញ និងបានជួយឲ្យ Monaco ឡើងទៅឈរនៅ កំពូលតារាងនៃលីគកំពូលបារាំងវិញ ដោយរកបាន២៩ពិន្ទុ តាមពីក្រោយដោយ Nice ស្មើពិន្ទុ និងក្រុមការពារតំណែង ជើងឯក Paris Saint-Germain ឈរនៅលេខ៣ រកបាន២៦ពិន្ទុ។
អតីតកីឡាករក្លឹប Atletico Madrid, Manchester United និង Chelsea បានបំបែកពងមាន់ នៅរយៈចម្ងាយ៦យ៉ាត ដែលជាគ្រាប់បាល់បញ្ចូលទីលើកទី៩របស់គេ ក្នុងការបង្ហាញខ្លួនបាន១១ប្រកួត ក្នុងក្លឹប Monaco នារដូវកាលឆ្នាំ២០១៦-២០១៧ នេះ នៅនាទីទី៦៤ មុនពេលមិត្តរួមក្រុម Thomas Lemar រកបានគ្រាប់ទី២ នៅ៣នាទីបន្ទាប់ និង Gabriel Boschilia បន្ថែមគ្រាប់ទី៣ នៅនាទីទី៩០ ដើម្បីយក៣ពិន្ទុត្រឡប់ទៅផ្ទះវិញ ដោយក្តីរីករាយ សម្រាប់សប្តាហ៍ទី១៣ ក្នុងជើងទី១នេះ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង