(វ៉ាស៊ីនតោន)៖ អ្នកនាំពាក្យសេតវិមាន លោក ស៊ីន ស្ពៃសឺ (Sean Spicer) បានអះអាងថា រដ្ឋបាលអាមេរិកថ្មី របស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ នឹងធ្វើការងារជាមួយរុស្ស៊ី ឬមិនថានរណាក៏ដោយ ឱ្យតែអាចកម្ទេចក្រុម ISIS កាន់តែឆាប់កាន់តែល្អ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែមករា ឆ្នាំ២០១៧។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន លោក ស៊ីន ស្ពៃសឺ បានលើកឡើងដូច្នេះថា «បើសិនជាវាជាមធ្យោបាយ ដែលយើងអាចកម្ទេចក្រុម ISIS យើងនឹងសហការជាមួយ បណ្ដាប្រទេសទាំងឡាយ មិនថារុស្ស៊ី ឬនរណាក៏ដោយ ហើយយើងនឹងចែករំលែក ផលប្រយោជន៍ជាតិនៅក្នុងការងារនេះ»។ ក៏ប៉ុន្តែ នៅពេលអ្នកសារព័ត៌មានជជីកសួរ «ពាក្យថានរណាក៏ដោយ» តើទីក្រុងវ៉ាស៊ីនតោនចង់មានន័យថា នឹងយល់ព្រមសហការ ជាមួយប្រធានាធិបតីស៊ីរី លោក បាហ្សា អាល់ អាស្សាដ ដែរឬទេ? លោក ស្ពៃសឺ បានបដិសេធមិនធ្វើអត្ថាធិប្បាយ ដោយបានបង្វែរសំណួរ ទៅកាន់ក្រសួងការពារជាតិ។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទម្សិលមិញ កិច្ចចរចាសន្តិភាពស្ដីពីស៊ីរី រវាងរដ្ឋាភិបាល និងក្រុមប្រឆាំងស៊ីរី ដែលគ្មានការចូលរួម ពីសហរដ្ឋអាមេរិក រៀបចំឡើងក្នុងរដ្ឋធានីអាស្ដាណា នៃប្រទេសកាហ្សាក់ស្ថាន បានចាប់ផ្ដើមឡើងហើយ។ ក៏ប៉ុន្តែនៅថ្ងៃដំបូងនៃកិច្ចចរចានេះ ប្រធានក្រុមរៀបចំកិច្ចចរចា នៃរដ្ឋាភិបាលលោក អាស្សាដ និងក្រុមប្រឆាំងស៊ីរី បានផ្លោងសម្ដីដាក់គ្នា ដោយចោទប្រកាន់ទៅវិញទៅមកថា បានរំលោភលើបទឈប់បាញ់។ ពាក់ព័ន្ធនឹងប្រទេសស៊ីរីផងដែរ បើតាមអង្គការឃ្លំាមើលសិទ្ធិមនុស្ស ស៊ីរីមនុស្សជាង ៣០០,០០០នាក់ហើយ បានស្លាប់បាត់បង់ជីវិត និងជិត ១១លាននាក់ ផ្សេងទៀត បានផ្លាស់ប្ដូរទីលំនៅ ឬក៏ភៀសខ្លួន ទៅកាន់ប្រទេសជិតខាង ឬក៏អឺរ៉ុប៕
ប្រភព ៖ sputniknews
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង