(វិទ្យាសាស្រ្ត)៖ ទិន្នន័យទទួលបានពីផ្កាយរណប របស់ភ្នាក់ងារអវកាស NASA បានបង្ហាញឲ្យឃើញថា នាដើមឆ្នាំ២០១៧នេះ តំបន់មួយចំនួននៃផែនដី បានទទួលរងគ្រោះ ដោយគ្រោះមហន្តរាយរញ្ជួយដី និងព្យុះភ្លៀងជាច្រើនគួរឲ្យកត់សំគាល់ នាដើមឆ្នាំ២០១៧នេះ ដោយក្រុមអ្នកវិទ្យាសាស្រ្តបានធ្វើការអះអាងថា បាតុភូតទាំងនេះត្រូវបានបង្កើតឡើងដោយកត្តាបំពុលបរិយាកាស ជាហេតុនាំឲ្យមានការកើនឡើង នៃកម្តៅរបស់ផែនដី។
យោងតាមសេចក្តីរាយការណ៍ របស់ភ្នាក់ងារអវកាសណាសា បានឲ្យដឹងទៀតថារយៈពេលប៉ុន្មានកន្លងមកនេះ កម្រិតទឹកភ្លៀង ឬព្យុះភ្លៀងព្រមទាំងបាតុភូត រញ្ជួយដីបានកើនឡើងជាលំដាប់ ដោយក្រុមអ្នកវិទ្យាសាស្រ្តបានរកឃើញថា បណ្តាលមកពីការបំពុលបរិយាកាសរបស់មនុស្ស ដែលបានធ្វើឲ្យអាកាសធាតុ របស់ភពផែនដីប្រែប្រួល ព្រមទាំងកម្តៅកើនខ្លាំងឡើង ពីមួយថ្ងៃទៅមួយថ្ងៃ។
ជាក់ស្តែង ក្រុមអ្នកវិទ្យាសាស្រ្តបានបង្ហាញឲ្យឃើញថា ព្យុះភ្លៀងជាច្រើនដែលបានកកើតឡើង នៅដើមឆ្នាំ២០១៧នេះ ត្រូវបានបង្កមកពីកម្តៅនៃភពផែនដី ដែលបានកើនឡើងគួរឲ្យកត់សំគាល់ក្នុងរយៈប៉ុន្មានឆ្នាំមកនេះ។ ជាមួយគ្នានេះដែរក្រុមអ្នកវិទ្យាសាស្រ្តបានបន្តទៀតថា កាលណាកម្តៅផែនដីកាន់តែក្តៅខ្លាំង សម្ពាធខ្យល់ក៏កាន់តែខ្លាំង ហើយ «ការធ្វើរំហួតទឹកពីមហាសមុទ្រក៏មានកម្រិត កើនឡើងផងដែរ» ដែលការធ្វើរំហួតទឹកដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ បង្កបានជាព្យុះភ្លៀងខុសរដូវជាច្រើន គួរឲ្យភ្ញាក់ផ្អើល។
គួរបញ្ជាក់ដែរថា ក្រុមអ្នកវិទ្យាសាស្រ្តបានធ្វើការព្រមានថា នៅក្នុងឆ្នាំនេះនឹងអាចមានភ្លៀងច្រើនជាងឆ្នាំមុនៗ ព្រមទាំងអាចមានគ្រោះទឹកជំនន់ នៅតំបន់ទំនាបមួយចំនួន នៃពិភពលោក ដោយសារតែកម្តៅផែន នៅតែបន្តកើនឡើង ដែលអាចបណ្តាលឲ្យមានការរំហួតខ្លាំង និងការរលាយទឹកកកនៅតំបន់ប៉ូល ក្នុងកម្រិតដ៏គួរឲ្យព្រួយបារម្ភមួយ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង