(ហាងចូវ)៖ ព្រះរាជបុត្រ Mohammed Bin Salman Al Saud នៃព្រះរាជាណាចក្រ អារ៉ាប៊ី សាអូឌីត បានជួបពិភាក្សាទ្វេភាគីជាមួយ នឹងប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន នៅក្នុងបន្ទប់ដាច់ដោយឡែកមួយពីកិច្ចប្រជុំកំពូល G20 នៃទីក្រុងហាងចូវ ភាគខាងកើត ប្រទេសចិន ហើយជាលទ្ធផលគឺមេដឹកនាំទាំងពីរបានសន្យាថា នឹងទាញទីផ្សារប្រេងសកលលោកឲ្យមានស្ថិរភាពឡើងវិញ ក្នុងនោះរួមមានការផ្អាកការផលិតប្រេងមួយចំនួនផងដែរ។ នេះបើតាមការ វែបសាយ Bloomberg ចេញផ្សាយនៅយប់ថ្ងៃចន្ទ ទី០៥ ខែកញ្ញា ឆ្នាំ២០១៦។
អ្វីដែលត្រូវបានក្រុមជំនាញសេដ្ឋកិច្ចកត់សម្គាល់ គឺក្រោយបញ្ចប់ជំនួបដ៏កម្របំផុត រវាងមហាអំណាចលើលោកទាំងពីរនេះគឺទីផ្សារ ប្រេងឆៅបានហក់ឡើងវិញបន្តិច ដោយវាបានកើនឡើង តម្លៃក្នុងអត្រា ៥ភាគរយ លើសពី ៤៩ដុល្លារក្នុងមួយបារ៉ែលនៅក្នុងថ្ងៃចន្ទនេះ។ ងាកទៅមើលទីផ្សារអាមេរិកវិញ នៅរដ្ឋតិចសាស់ តម្លៃប្រេងបានកើនឡើង ៤ភាគរយបន្ថែមទៀត រហូតដល់លើស៤៦ដុល្លារក្នុង មួយបារ៉ែលឯណោះ។
ព្រះអង្គម្ចាស់ Salman បានមានបន្ទូលថា «ប្រទេសយើងទាំងពីរ គឺជាអ្នកផលិតប្រេងធំបំផុត ដូច្នេះហើយ ស្ថិរភាពនៃតម្លៃប្រេងប្រាកដ ជាមិនអាចកើតមានឡើងនោះទេ ប្រសិនបើគ្មានការចូលរួមពីរុស្ស៊ី និង អារ៉ាប៊ី សាអូឌីត»។ ជាការឆ្លើយតបលោក ពូទីន បានបញ្ជាក់ ជំហររុស្ស៊ីវិញដូច្នេះថា «វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ប្រទេស ទំាងពីរក្នុងការ ធ្វើឲ្យកិច្ចពិភាក្សារវាងគ្នា ក្លាយជារឿងអចិន្ត្រៃយ៍»។
គួរបញ្ជាក់ផងដែរថា នៅក្នុងជំនួបរវាងលោក ពូទីន និងព្រះរាជទាយាទលំដាប់ទីពីររបស់ អារ៉ាប៊ី សាអូឌីត នោះតំណាងប្រទេសផលិត ប្រេងដ៏ធំរបស់ពិភពលោកទាំងពីរនេះ បានយល់ ឃើញដូចគ្នាថា នឹងលើករឿងទាំងឡាយ ដែលបានព្រមព្រៀងគ្នាខាងលើនេះ ទៅពិភាក្សាក្នុង កិច្ចប្រជុំ OPEC នៅក្នុងទីក្រុងវីយែន ក្នុងខែវិច្ឆិកា ជាពិសេសគឺការបង្កកការផលិតប្រេង ពីសំណាក់បណ្តាប្រទេស ផលិតប្រេងធំៗ៕
ប្រភព ៖ Bloomberg
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី