CamNews

ព័ត៌មានអន្តរជាតិ 

ធ្លាក់ឧទ្ធម្ភាគចក្រ Black Hawk នៅ Afghanistan

ឧទ្ធម្ភាគចក្រ Black Hawk របស់ NATO មួយគ្រឿងដែលដឹកមនុស្ស ៤នាក់ បានធ្លាក់នៅ
ភាគនិរតីនៃប្រទេស Afghanistan កាលពីម្សិលមិញ នេះបើតាមការអោយដឹងពីមន្ដ្រីយោធា
អាមេរិក។
 

ឧទ្ធម្ភាគចក្រ Black Hawk របស់ Nato

មនុស្សដែលនៅក្នុងឧទ្ធម្ភាគចក្រនោះត្រូវបានគេជឿថាជាទាហានរបស់ អាមេរិក ប៉ុន្ដែគេ
មិនទាន់ដឹងច្បាស់ថា មានអ្នកស្លាប់ និងរបួសប៉ុន្មាននាក់នោះទេ។

មន្ដ្រីការពារជាតិអាមេរិកបានអោយដឹងថា ពួកគេនឹងមិនរំលងចោលនូវមូលហេតុដែល
បណ្ដាលមកពីទង្វើរបស់សត្រូវ ប៉ុន្ដែសញ្ញាដំបូងបានបង្ហាញថា ករណីគ្រោះថា្នក់នេះគឺ
ដោយសារអាកាសធាតុអាក្រក់។

យោងតាមមន្ដ្រីយោធារបស់កងកម្លាំងជំនួយសន្ដិសុខអន្ដរជាតិ (Isaf) ដែលដឹកនាំដោយ
NATO នៅ Kabul បានរាយការណ៍ថា កន្លែងកើតហេតុត្រូវបានគ្រប់គ្រង ហើយមូលហេតុ
នៃគ្រោះថ្នាក់នេះកំពុងត្រូវបានស្រាវជ្រាវ។

សារព័ត៌មាននានាក៏បានរាយការណ៍ថា គ្រោះថា្នក់នេះបានកើតឡើងនៅក្នុងតំបន់ភាគ
និរតីរបស់ Afghanistan ដែលរួមមានខេត្រ Helmand ជាមូលដ្ឋានចាស់របស់ Taliban ។

គួររំឮកថា កាលពីខែសីហា ឆ្នាំ ២០១១ ជនជាតិអាមេរិកចំនួន ៣០នាក់(ភាគច្រើនជាកង
កម្លាំងពិសេស) រួមនឹងជនជាតិ Afghanistan ចំនួន ៦នាក់បានបាត់បង់ជីវិតនៅពេលកាំជ្រួច
មួយគ្រាប់របស់ Taliban បានបាញ់ទម្លាក់ឧទ្ធម្ភាគចក្រ Chinook មួយគ្រឿង នៅភាគខាង
កើត Afghanistan​៕


ដោយ ៖ សូរីយ៉ា
ប្រភព ៖ AFP, BBC


Tags: helicopter fall Afghanistan plane