(សិង្ហបុរី)៖ កងកម្លាំងប៉ូលីសឥណ្ឌូណេស៊ី បានចាប់ខ្លួនជនសង្ស័យម្នាក់ទៀតនៅលើកោះ Batam ប្រទេសឥណ្ឌូណេស៊ី ដែលជននេះត្រូវគេជឿជាក់ថា មានការពាក់ព័ន្ធនឹងពួក ISIS ក្នុងប្រទេសឥណ្ឌូណេស៊ី ក្នុងការរៀបចំគំរោងវាយប្រហារទៅលើប្រទេសសិង្ហបុរី។ នេះបើតាម ការផ្សាយដោយ Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី០៥ ខែកញ្ញា ឆ្នាំ២០១៦។
អ្នកនាំពាក្យទីបញ្ជាការប៉ូលិស ឥណ្ឌូណេស៊ី លោក Agus Rianto បានប្រាប់ឲ្យដឹងថា ជនសង្ស័យមានអាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ និងត្រូវបានចាប់ខ្លួន ដោយកងកម្លាំង បង្រ្កាបភេរវកម្មនៃប្រទេសឥណ្ឌូណេស៊ី នៅឯហាងកាហ្វេមួយកន្លែងនៅកោះ Batam ក្នុង ប្រទេសឥណ្ឌូណេស៊ីកាលពីថ្ងៃសៅរ៍។ លោក Agus Rianto បន្តថា ជនសង្ស័យនេះគឺជា សមាជិករបស់ក្រុមភេរវករ ដែលកំពុងរៀបចំផែនការ វាយប្រហារមកលើប្រទេសសិង្ហបុរី និងកំពុងត្រៀមខ្លួនធ្វើដំណើរ ទៅប្រទេសស៊ីរីផងដែរ។
គួរបញ្ជាក់ដែរថា កាលខែសីហាកន្លងទៅនេះ កងកម្លាំងបង្រ្កាបភេរវកម្ម ប្រទេសឥណ្ឌូណេស៊ី បានចាប់ខ្លួនបុរសចំនួន០៦នាក់ ដែលជាប់សង្ស័យដូចគ្នា ក្នុងការរៀបចំវាយប្រហារ ដោយគ្រាប់មីស៊ីលទៅលើ ប្រទេសសិង្ហបុរី ហើយដែលជនទាំងអស់នោះ បានយកប្រទេស ឥណ្ឌូណេស៊ី ធ្វើជាទីកន្លែងរៀបចំគំរោងការ ដ៏ខ្មៅងងឹតនោះ៕