លោកប្រធានាធិបតិហ្វីលីពីន Benigno Aquino III អាយុ ៥២ឆ្នាំ ត្រូវបានគេមើលឃើញថា បាន
ចែកផ្លូវជាមួយមិត្តស្រីអាយុ ២៩ ដើមកំណើតកូរ៉េខាងត្បូង បន្ទាប់ពីបានបង្ហាញជាសាធារណៈនូវ
ទំនាក់ទំនងមនោសញ្ចេតនារបស់ខ្លួនជាមួយនឹងនាង។
អ្នកយកព័ត៌មានទូរទស្សន៍រាយការណ៍ពីក្រុង Manila បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Yonhap
របស់កូរ៉េខាងត្បូងថា លោក Aquino ធ្លាប់បានប្រកាសថា ខ្លួនមានទំនាក់ទំនងស្នេហាជាមួយនារី
ដើមកំណើតកូរ៉េខាងត្បូង Grace Lee ប៉ុន្ដែកាលពីថ្ងៃទី ១៦មេសា លោកបែរជាប្រើពាក្យ "មិត្តភ័ក្ដិ" ដើម្បីសំដៅទៅលើនាងទៅវិញ។
នាង Grace Lee អាយុ ២៩ឆ្នាំ ជាអ្នកដឹកនាំកម្មវិធីទូរទស្សន៍ និងវិទ្យុ។ នាងមានស្រុកកំណើតនៅ
ប្រទេសកូរ៉េខាងត្បូង ក្រោយមកនៅពេលនាងមានអាយុ ១០ឆ្នាំក៏បានទៅតាមពុករបស់នាងរស់
នៅឯប្រទេសហ្វីលីពីន នេះបើតាមសេចក្ដីរាយការណ៍របស់ AP ។
លោក Aquino គឺជាប្រធានាធិបតិនៅលីវដំបូងរបស់ហ្វីលីពីន លោកមិនធ្លាប់រៀបការ ហើយក៏មិន
មានកូននោះដែរ។ លោកបានប្រាប់ថា កាលនៅរៀនមហាវិទ្យាល័យ លោកក៏ធ្លាប់មានគម្រោង
រៀបការ ប៉ុន្ដែមិនបានសម្រេច។ ក្រោយមក នៅក្នុងពេលមួយនោះ លោកក៏ធ្លាប់ថ្លែងថា ខ្លួនមិន
ទាន់មានការត្រៀមខ្លួននៅឡើយសម្រាប់ជីវិតអាពាហ៍ពិពាហ៍។
ជីវិតនៃមនោសញ្ចេតនារបស់ប្រធានាធិបតិ Aquino គឺជាប្រធានបទសំខាន់ដែលសាធារណជន
ហ្វីលីពីនយកចិត្តទុកដាក់។ ចាប់តាំងពីបានឡើងកាន់កាប់តំណែងជាប្រធានាធិបតិកាលពីឆ្នាំ
២០១០ លោកបានផ្ដាច់ទំនាក់ទំនងស្នេហាជាមួយនាង Shalani Soledad អាយុ ៣០ ជាសមាជិក
នៃក្រុមប្រឹក្សាក្រុង Valuenza ។ ក្រោយមក លោកក៏មានទំនាក់ទំនងជាមួយនារីផ្សេងម្នាក់ទៀត
ប៉ុន្ដែក៏បានផល៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ AP/VE