CamNews

ព័ត៌មានអន្តរជាតិ 

កាណាដា ប្រកាសអាសន្ន ខណៈ​ភ្លើង​ឆេះ​ព្រៃ​អាច​លេប​​ត្រ​បាក់​ទីក្រុង Fort McMurray ទាំង​មូល​នៅ​២៤​ម៉ោង

(កាណាដា)៖ អាជ្ញាធរកាណាដា បានប្រកាសដាក់ខេត្ត Alberta ភាគខាងត្បូងប្រទេសកាណាដា ទៅក្នុងការប្រកាសអាសន្ន បន្ទាប់​ពី​ភ្លើង​ឆេះ​ព្រៃ​កាន់​តែ​រីក​រាល​ដាល ដែល​នាំ​ឲ្យ​ប្រជា​ជន ទាំង​អស់ ៨៨,០០០​នាក់ នៅ​ក្នុង​ទី​ក្រុង Fort McMurray ត្រូវ​ជម្លៀស​ចេញ​ទៅ​រក​កន្លែង ដែល​មាន​សុវត្ថិ​ភាព។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ BBC នៅមុននេះបន្តិចនារសៀល ថ្ងៃព្រហស្បតិ៍ ទី​៥ ខែ​ឧសភា ឆ្នាំ​២០១៦។

មន្ត្រីជំនាញបានព្រមានថា នៅរយៈពេល ២៤ម៉ោងទៀត ប្រសិនបើមិនអាចទប់ស្កាត់បានទេនោះ អគ្គីភ័យនឹងលេបត្របាក់ទីក្រុង ភាគ​ខាង​ត្បូង​ប្រទេស​កាណាដា​នេះ ទាំងមូលតែម្តង។ គួរបញ្ជាក់ថា​ ភ្លើងឆេះព្រៃខាងលើនេះបានកើតឡើង កាល​ពី​ថ្ងៃ​ចន្ទ បាន​បណ្តាល​ឲ្យ​អគារ​ផ្សេងៗ ១៦០០​ខ្នង​ហើយ ឆេះ​ខ្ទេច ក្នុង​នោះ​មាន​ទាំង​សាលា​រៀន ដែល​ទើប​កសាង​ថ្មីផងដែរ នៅក្នុង ទីក្រុង Fort McMurray នៃខេត្ត Alberta។

ការជម្លៀសប្រជាជនទាំងអស់ ចេញពីទីក្រុងបែបនេះ គឺំមិនធ្លាប់មានឡើយក្នុងប្រវត្តិសាស្ត្រ ហើយដោយឡែក ជោគវាសនានៃទីក្រុងក្បែរ ព្រំ​ដែន​អាមេរិក​មួយ​នេះ ក៏​មិន​ដឹង​ថា អាច​ត្រូវ​គេ​ស្រោច​ស្រង់​បានដែរ ឬមួយក៏យ៉ាងណាដែរ។ ប្រតិបត្តិការសង្គ្រោះតំបន់ជុំវិញ គឺ​កំពុង​តែ​ត្រូវ​បាន​គេ ធ្វើ​ឡើង​ជា​បន្ទាន់ ដើម្បី​ការ​ពារ​មិន​ឲ្យ​គ្រោះ​មហន្តរាយ រីករាលដាលធំធេងជាងនេះ៕






ប្រភព​ ៖ ប៊ីប៊ីស៊ី 

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Canada Int news Hot news Wildfire Alberta