CamNews

ព័ត៌មានអន្តរជាតិ 

គិតត្រឹមតែ ៣ ថ្ងៃ គ្រោះសាហាវ រន្ទះបាញ់ សម្លាប់មនុស្ស ដល់ទៅ ៥៩នាក់ហើយ

ព័ត៌មានអន្តរជាតិ ៖ គ្រោះធម្មជាតិ រន្ទះបាញ់ បានសម្លាប់មនុស្សតិច បំផុត ៥៩ នាក់ គិតត្រឹមរយៈ ពេលតែ ៣ថ្ងៃគត់នៅក្នុងប្រទេស បង់ក្លាដេស នេះបើយោងតាមការគូសបញ្ជាក់ ពីមន្រ្តីផ្លូវការ កាល ពីថ្ងៃអាទិត្យម្សិលមិញនេះ ។ 



ប្រធាននាយកដ្ឋានការពារ គ្រោះមហន្តរាយ Reaz Ahmed គូសបញ្ជាក់ដល់សារព័ត៌មាន AFP ឲ្យ ដឹងថា ជនរងគ្រោះ ៣៤នាក់ បានស្លាប់បាត់បង់ជីវិត ក្នុងរយៈពេលត្រឹមតែ ២៤ម៉ោង ថ្ងៃព្រហស្បត្តិ៍ ដោយរន្ទះបាញ់សម្លាប់នៅទីតាំង ២៥កន្លែងផ្សេងៗពីគ្នា ខណៈ ២៥នាក់ផ្សេងទៀត​បានស្លាប់ នៅ ២ថ្ងៃបន្ទាប់ ថ្ងៃសុក្រ និងថ្ងៃសៅរ៍ ។ លោក Ahmed បន្តឲ្យដឹងថា ពួកយើងមិនដែលធ្លាប់ជួបប្រទះតួរ លេខអ្នកស្លាប់ដោយសារគ្រោះរន្ទះបាញ់យ៉ាងច្រើនដូច្នេះនោះទេ កាលពីមុនមកខណៈជនរងគ្រោះ ភាគច្រើនគឺជាក្រុមកសិករ ដែលបានស្លាប់ដោយសាររន្ទះនៅឯវាលស្រែ របស់ពួកគេ ។ 



អ្នកជំនាញ ព្យាករណ៍អាកាសធាតុ Shah Alam ឲ្យដឹងថា ការកាប់បំផ្លាញព្រៃឈើ គឺជាបន្ទុកដ៏ធ្ងន់ ធ្ងរមួយក៏ដូចជា ការស្តីបន្ទោសដ៏ធ្ងន់ធ្ងរមួយដែលនាំមកនូវតួរលេខអ្នកស្លាប់ ដោយសារគ្រោះរន្ទះ បាញ់ដ៏ច្រើនយ៉ាងដូច្នេះ ។ អាជ្ញាធរក្នុងស្រុក បន្តឲ្យដឹងថា រដ្ឋបាលរបស់ខ្លួន គ្រោងនឹងរៀបចំយុទ្ធ នាការបង្កើនការយល់ដឹង ពីហានិភ័យ នៃគ្រោះរន្ទះបាញ់ដ៏សាហាវមួយនេះ ។ លោក Ahmed គូស បញ្ជាក់ក្តែងៗឲ្យដឹងថា ក្រុមការងារយើងខ្ញុំ នឹងស្នើដល់ពលរដ្ឋក្នុងស្រុក ចូរកុំធ្វើការនៅទីវាល ដូច ជាវាលស្រែ ជៀសវាងការប្រើប្រាស់គ្រឿងអេឡិចត្រូនិច ដូចជាទូរស័ព្ទដៃ ក៏ដូចជា ជៀសវាងការ ឈរជិតបង្គោលភ្លើង និងជ្រកនៅក្រោមដើមឈើធំ អំឡុងពេលដែលមានផ្គររន្ទះ ។ មិនត្រឹមតែ ប៉ុណ្ណោះ នាយកដ្ឋានឧតុនិយម បានធ្វើការហ្វឹកហ្វើនដល់សិស្ស និស្សិតប្រមាណ ២០,០០០នាក់រួច ទៅហើយ ពីការបង្ការនិងការពារគ្រោះរន្ទះបាញ់៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ CNA 


Tags: Bangladesh Lightning Int news Hot news