(ក្រុងរ៉ូម)៖ កីឡាករខ្សែបម្រើប្រយុទ្ធ Andrea Pirlo និងខ្សែប្រយុទ្ធ Mario Balotelli ពុំត្រូវបានបញ្ចូលឈ្មោះ ដើម្បីលេងក្នុងព្រឹត្តិការណ៍ Euro 2016 នៅប្រទេសបារាំងខែក្រោយឡើយ ក្នុងក្រុមជម្រើសជាតិអាសូរីអ៊ីតាលី ។
សារព័ត៌មាន BBC បានឲ្យដឹងថា កីឡាករ Pirlo ដែលកំពុងប្រកបអាជីពនៅក្នុងក្លឹប New York City ពុំត្រូវបានគ្រូបង្វឹក Antonio Conte កោះហៅចូលក្រុមជម្រើសជាតិឡើយ គ្រាដែលខ្សែប្រយុទ្ធកំពុងលេងឲ្យក្លឹបក្នុងស្រុក AC Milan, Balotelli ក៏គ្មានឈ្មោះក្នុងបញ្ជី ៣០នាក់ដំបូងដូចគ្នា ។
នេះមានន័យថា កីឡាករវ័យ៣៧ឆ្នាំ Pirlo បន្តអត់ឈ្មោះក្នុងជម្រើសជាតិអាសូរីទៀត គិតចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៥ កាលពីលេងវគ្គជម្រុះ Euro 2016 ទល់នឹងក្រុមជម្រើសជាតិបុលហ្គារី ក្នុងខណៈដែលពួកគេសុទ្ធតែបាន បង្ហាញវត្តមានដូចគ្នាកាលពី Euro 2012 នៅប្រទេសប៉ូឡូញ និងអ៊ុយក្រែន ដោយសុទ្ធតែបានជួយឲ្យអ៊ីតាលីឡើងដល់ វគ្គផ្តាច់ព្រ័ត្រ ទោះចាញ់អេស្ប៉ាញ ៤-០ ក្នុងវគ្គដណ្តើមពានក៏ដោយ ៕
ខ្សែបម្រើ Andrea Pirlo (ឆ្វេង) និងខ្សែប្រយុទ្ធ Mario Balotelli
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង