ព័ត៌មានអន្តរជាតិ ៖ របាយការណ៍ គូសបញ្ជាក់អោយ ដឹងថា ហោចណាស់ មនុស្ស ១៣ នាក់បាន ស្លាប់បាត់បង់ជីវិត ខណៈរាប់ពាន់នាក់ផ្សេងទៀត ជម្លៀសខ្លួន ទៅកាន់ទីទួលមានសុវត្ថិភាព ស្រប ពេលមានការវាយប្រហារដោយព្យុះទីហ្វុង Melor នៅប្រទេសហ្វីលីពីន ។ គ្រោះមហន្តរាយនៃគ្រោះ ថ្នាក់ខ្យល់ព្យុះលើកនេះ ក៏បានបណ្តាលអោយខូចខាតជាច្រើន នូវ បណ្តា ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន សំខាន់ៗនៅតាមបណ្តាខេត្ត ក្នុងប្រទេសហ្វីលីពីន ។
របាយការណ៍ ពីសារព័ត៌មានក្នុងស្រុក The Standard អោយដឹងថា នៅថ្ងៃពុធនេះថា តួលេខជនរង គ្រោះស្លាប់បាត់បង់ជីវិតកើនឡើងដល់ ១៣ នាក់ហើយ ខណៈ ដើមឡើយ មានត្រឹមតែ ៤ នាក់តែ ប៉ុណ្ណោះ ។ ដើមសប្តាហ៍ថ្ងៃច័ន្តនេះ ព្យុះទីហ្វុង Melor បាន ចាប់ ផ្តើម វាយ ប្រហារ ភាគខាងកើត ហ្វីលីពីន រួចឆ្ពោះដំណើរទៅកាន់សមុទ្រចិនខាងត្បូង យប់ថ្ងៃអង្គារម្សិលមិញនេះ ជាមួយនឹងកម្លាំង ១៧០គ.ម ក្នុងមួយម៉ោង។ ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត ភាគច្រើន មកពីភាគខាងជើង ខេត្ត Samar ដោយពួកគេបានស្លាប់ ក្រោមហេតុផលរួមមានដូចជា លង់ទឹក រងាស្លាប់ និង បំណែក កំទេចកំទីបោកចំជាដើម ។
រាប់ពាន់នាក់នៃជនរងគ្រោះ បាននឹងកំពុងភៀសខ្លួន ពី តំបន់ គ្រោះមហន្តរាយ ។ រាប់ពាន់នាក់នៃ ក្រុមអ្នកធ្វើដំណើរបានជាប់កឿង នៅនឹងកំពង់ផែ និង អាកាស យានដ្ឋាន ក្នុងនោះជើងហោះហើរ ក្នុងស្រុក ក្រៅស្រុក រាប់រយជើងហោះហើរ បានលុបចោល។ ផ្ទះសម្បែងមួយចំនួនដែលសាងសង់ ឡើងដោយសម្បទាស្រាលៗ ត្រូវប៉ើងរលើង ខណៈប្រព័ន្ធផ្គត់ផ្គង់អគ្គីសនី ត្រូវបានកាត់ផ្តាច់ ច្រើន ជាងនេះទៅទៀត កសិផល របស់ប្រជាកសិករ រួមមាន ដូចជា ពោត ស្រូវ រងនូវការខូចខាត យ៉ាង ដំណំ នេះបើយោងតាម នាយក ដ្ឋាន គ្រប់គ្រង និងទប់ស្កាត់គ្រោះថ្នាក់ធម្មជាតិថ្នាក់ជាតិ ប្រទេស ហ្វីលីពីន ។
គួរបញ្ជាក់ថា ហ្វីលីពីន គឺជាប្រជាជាតិមួយដែលងាយរងគ្រោះ ខ្យល់ព្យុះជាខ្លាំងក្នុងចំណោមបណ្តា ប្រទេសឯទៀត លើសាកលលោក ។ តួយ៉ាង ដើមឆ្នាំនេះ ខ្យល់ព្យុះ ទីហ្វុង Koppu បានឆក់យកអា យុជីវិតមនុស្ស ៥០នាក់ ខណៈព្យុះត្រូពិច អាក្រក់ បំផុត កាលពីឆ្នាំ ២០១៣ ខែវិច្ឆិកា បានសម្លាប់ មនុស្សដល់ទៅ ៦០០០ នាក់ ឯណោះ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អ័រតេ