ព័ត៌មានអន្តរជាតិ ៖ ក្រុមអ្នកធ្វើយុទ្ធនាការ តំណាងឲ្យក្រុមគ្រួសារដែលមានសមាជិក បានបាត់ខ្លួន ជាមួយនឹងយន្តហោះ MH370 នោះ បានចេញផ្សាយនូវរូបភាព របស់របរប្រើប្រាស់មួយចំនួនដែល ត្រូវបានគេប្រទះឃើញនៅលើឆ្នេរខ្សាច់ ប្រទេស Madagascar ដោយសង្ឃឹមថា អាចនឹងកំណត់ អត្តសញ្ញាណរបស់ប្រើប្រាស់ទាំងនោះបាន ។
របាយការណ៍ បញ្ជាក់ឲ្យដឹងថា របស់ប្រើប្រាស់ទាំងនោះ ប្រមាណជាង ២០ រួមមានដូចជា កាបូប ដៃស្រ្តី កាបូបស្ពាយ និងកាបូបដាក់ Laptop ជាដើម។ ពុំមានសញ្ញាណណាមួយ ថារបស់ប្រើប្រាស់ ទាំងនេះ ជារបស់បុគ្គលណាមួយដែលជាអ្នកដំណើរក្នុងចំណោមមនុស្ស ២៣៩ នាក់ ដែលបាន បាត់ខ្លួនជាមួយនឹងយន្តហោះ កាលពី ២ ឆ្នាំកន្លងទៅនេះ ។ គួរបញ្ជាក់ថា របស់ប្រើប្រាស់ទាំងនេះ គឺត្រូវបានរកឃើញដោយមេធាវី សហរដ្ឋអាមេរិក Blaine Gibson ។
គួររំឮកថា យន្តហោះក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ី ដែលមានជើងហោះហើរ MH370 កំពុង ហោះហើរ ពីទីក្រុង Kuala Lumpur ទៅកាន់ទីក្រុង ប៉េកាំង ប្រទេសចិន អំឡុងខែ មីនា ឆ្នាំ ២០១៤ នោះ ត្រូវបានគេសន្មត់ថា បានធ្លាក់ចុះបាត់ទៅហើយ នៅសមុទ្រឥណ្ឌាភាគខាងត្បូង ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី