ការ “សម្ដែងសិល្បៈ” របស់សិល្បករជនជាតិអាហ្វ្រិកខាងត្បូង ឈ្មោះ Steven Cohen បានក្លាយជាឈុតឆាកសម្ដែងបែបកំប្លែងឥតគិតថ្លៃមួយ ដែលបណ្ដាលឱ្យគាត់ត្រូវបាននគរបាលចាប់ខ្លួន ហើយត្រៀមនឹងឡើងតុលាការ នៅចុងឆ្នាំនេះ។
អ្នកសម្ដែង Steven Cohen យកខ្សែចងលិង្គឱ្យមាន់អូស នៅទីលាន
Place du Trocadero
កាលពី ថ្ងៃទី ១០កញ្ញាកន្លងទៅ ភ្ញៀវទេសចរណ៍ទាំងឡាយ បានទស្សនាកំសាន្ដសប្បាយនូវឈុតឆាកសម្ដែង “សិល្បៈ” កំប្លែងដោយមិនគិតថ្លៃមួយ នៅមុខតួ Eiffel របស់ក្រុងបារីស ប្រទេសបារាំង។ ដោយមិនខ្ចីអើពើដល់ការរិះគន់របស់មនុស្សនៅជុំវិញ សិល្បករម្នាក់ឈ្មោះ Steven Cohen នៅតែបញ្ចេញកាយវិការសម្ដែង របស់ខ្លួន ជាមួយនឹងសត្វមាន់មួយក្បាល ដែលត្រូវបានចងខ្សែជាប់នឹងលិង្គរបស់គាត់។
ការបង្ហាញខ្លួន និងសម្ដែងឈុតឆាកដ៏ចម្លែកនេះ ត្រូវបាន Steven Cohen ធ្វើឡើង នៅចំពោះមុខមនុស្សរាប់រយនាក់ ដែលមានវត្តមាននៅទីលាន Place du Trocadero នាវេលាម៉ោងប្រហែល ៩និង៣០នាទីព្រឹក។
ការស្លៀកពាក់ចម្លែក និងចងប្រដាប់ភេទរបស់ខ្លួន ជាប់នឹងខ្សែចងមាន់នេះ ធ្វើឱ្យមានអន្ដរាគមន៍ពីនគរបាល
ការសម្ដែង របស់ Cohen នឹងមិនមានអ្វីត្រូវរិះគន់នោះទេ ប្រសិនគាត់ស្លៀកពាក់ត្រឹមត្រូវ ។ Cohen ពាក់ស្បែកជើងកែងចោត ពាក់រោមមាន់ឈ្មោលនៅលើក្បាល ស្រោមដៃពណ៌ក្រហមមានចងរោមមាន់ និងរុំក្រណាត់ជុំវិញពោះ។ ចំណែកនៅត្រង់ប្រដាប់ភេទរបស់គាត់ គេឃើញមានចងខ្សែជាប់ទៅនឹងខ្សែចងមាន់ឈ្មោលមួយក្បាលដែលដើរ នៅខាងមុខ។
ក្រោយពីបានតុបតែងខ្លួនរួច Cohen ចាប់ផ្ដើមសម្ដែង ដោយដើរត្រាបតាមមាន់ នៅចំពោះមុខហ្វូងមនុស្សដែលកំពុងយកចិត្តទុកដាក់នឹងសកម្មភាពរបស់គាត់។ មេធាវីរបស់ Cohen ឱ្យដឹងថា Cohen បានរាំដូចសត្វមាន់ក្នុងរយៈពេលប្រហែល ១០នាទី មុនពេលនគរបាលមកដល់។
Steven Cohen ជាអ្នកសិល្បៈមួយរូប ដែលតែងបញ្ចេញសកម្មភាពប្លែកៗ នៅទីសាធារណៈ
សកម្មភាព និងការស្លៀកពាក់ដ៏ចម្លែករបស់ Cohen បណ្ដាលឱ្យគាត់ត្រូវចាប់ខ្លួន ក្រោមបទចោទប្រកាន់ថា បានបញ្ចេញសកម្មភាពអាក្រក់នៅទីសាធារណៈ។ ក្រោយការចាប់ខ្លួនមួយថ្ងៃ Cohen ក៏ត្រូវបានដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន ប៉ុន្ដែ អ្នកសិល្បៈរូបនេះនឹងត្រូវឡើងតុលាការនៅថ្ងៃទី ១៦ខែធ្នូខាងចុងឆ្នាំនេះ។
និយាយកាន់ជើងសកម្មភាពកូនក្ដី របស់ខ្លួន មេធាវីរបស់ Cohen ថ្លែងថា កូនក្ដីរបស់គាត់គ្រាន់តែចង់បញ្ចូនសារទៅកាន់មនុស្សទាំងឡាយ អំពីការបែងចែក ឬប្រកាន់គ្នា រវាងអាហ្វ្រិកខាងត្បូងដែលជាស្រុកកំណើតរបស់ Cohen និងប្រទេសបារាំងជាកន្លែងដែល Cohen កំពុងរស់នៅ តែប៉ុណ្ណោះ។
ដោយ ៖ តារា
ប្រភព ៖ anorak