CamNews

ព័ត៌មានអន្តរជាតិ 

សាកសព​ទាំង ២៣​នាក់ ត្រូវបាន​រកឃើញ​នៅ​កន្លែង​ធ្លាក់​យន្តហោះ ភាគ​ខាងលិច នេ​ប៉ាល់

(នេប៉ាល់​)៖ អាជ្ញាធរ​នៃ​ស្រុក​មី​យ៉ាក​ឌី (Miyagdi) ភាគ​ខាងលិច ប្រទេស​នេ​ប៉ាល់ បាន​រកឃើញ​សាកសព​ទាំងអស់​ចំនួន ២៣​នាក់​នោះ​ហើយ ក្រោយ​ពី​យន្តហោះ​ខ្នាត​តូច​មួយ​គ្រឿង​បាន​ធ្លាក់​នៅ​តំបន់​នោះ នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​។ នេះ​បើ​តាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិនហួ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦​។​

​កម្លាំង​សង្គ្រោះ បាន​និង​កំពុង​បញ្ជូន​សាកសព​ម្តង​មួយៗ ចេញពី​កន្លែង​ជួប​គ្រោះថ្នាក់​នៅ​ជម្រាល​ភ្នំ ទៅកាន់​ឧទ្ធម្ភាគចក្រ ដែល​មាន​ចម្ងាយ ១៥០​ម៉ែត្រ​ពី​គ្នា​។ នេះ​បើ​តាម​ការដកស្រង់​សម្តី​របស់​លោក សា​ហ្គារ​ម៉ានី ផា​ថាក (Sagarmani Pathak) មេបញ្ជាការ​កងកម្លាំង​ប្រចាំ​ស្រុក​មី​យ៉ាក​ឌី​។​

​គួរបញ្ជាក់​ថា សាកសព​ទាំងអស់ ដែល​រួមមាន​ជនជាតិ​នេ​ប៉ាល់ ២១​នាក់ និង​បរទេស​ពីរ​នាក់ (​ចិន និង អាមេរិក​) នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​ទីក្រុង ផូ​ខា​រ៉ា ដែល​ជា​កន្លែង​យន្តហោះ បាន​ហោះ​ចេញ​នៅ​ថ្ងៃ​ពុធ ដើម្បី​ធ្វើការ​វិភាគ រក​អត្តសញ្ញាណ​។ ចំពោះ​មូលហេតុ ដែល​នាំ​ឲ្យ​យន្តហោះ​របស់​ក្រុមហ៊ុន​ក្នុងស្រុក​មួយ​នេះ​ធ្លាក់ ត្រូវបាន​អាជ្ញាធរ​បញ្ជាក់ថា បាន​បណ្តាល​មក​កត្តា​អាកាសធាតុ​អាក្រក់​៕​


 

 

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Int news Breaking news Unt news Nepal Tara Airline Plane crash