មនុស្សយ៉ាងហោច ២២ នាក់ បានរងរបួស ក្រោយពីពំនូកកម្អែលភ្នំភ្លើងយ៉ាងក្ដៅ បានផ្ទុះជះមកលើដំបូងទូកទេសចរណ៍ក្នុងសមុទ្រមួយគ្រឿង នៅក្នុងរដ្ឋហាវៃ។
ស្រ្ដីម្នាក់បានបាក់ជើងម្ខាង នៅពេលកម្អែលភ្នំភ្លើងផ្ទុះ ដោយបានផ្ទុះចេញពីទឹកនៅក្បែរទូក ខណៈថ្មរលាយបានហូរចាក់ចូលមកក្នុងសមុទ្រ និងកំពប់មកលើដំបូលទូក។
លោក Darwin Okinaka ប្រធាននាយកដ្ឋានប្រឆាំងនឹងគ្រោះអគ្គិភ័យ Battalion ប្រចាំរដ្ឋហាវៃ បាននិយាយថា ថ្មរលាយ បានហូរជ្រែកដំបូល និងទម្លាយចូលទៅក្នុងកៅអីអង្គុយ។
មន្រ្ដីមកពីនាយកដ្ឋានប្រឆាំងគ្រោះអគ្គិភ័យ បាននិយាយថា ឧបទ្ទវហេតុយប់នេះ បណ្ដាលឱ្យមនុស្សរងរបួសច្រើនបំផុត មិនធ្លាប់មាន ក្នុងប្រវត្ដិបន្ទុះភ្នំភ្លើង Kilauea។ នាយកដ្ឋានខាងលើបន្ថែមថា ស្រ្ដីម្នាក់វ័យ ២០ ឆ្នាំប្លាយ កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ដោយសារតែរបួសបាក់ឆ្អឹងភ្លៅរបស់នាង។
ជនរងគ្រោះ ៣ នាក់ទៀត បានធូរស្រាលនៅក្នុងមន្ទីរពេទ្យ ដោយសារតែស្ថានភាពរបួសស្រាល។ អ្នកដំណើរសល់ពីនេះ បានរងការរលាក ដាច់រលាត់ និងរបួសសើស្បែកដទៃទៀត។
បុគ្គលិក ពន្លត់អគ្គិភ័យ បាននិយាយថា ពួកគេ បានធ្វើដំណើរកម្សាន្ដតាមទូក ដែលនាំអ្នកដំណើរទៅកម្សាន្ដកម្អែលភ្នំភ្លើង ដែលហូរធ្លាក់ចូលទឹកសមុទ្រ ពីបន្ទុះភ្នំភ្លើងយ៉ាងវែងអន្លាយ ដែលបានបាញ់ចេញកម្អែលយ៉ាងច្រើន ពីរន្ធថ្មីនៅក្នុងដីរយៈពេលពីរខែមកហើយ។ កម្អែលភ្នំភ្លើង បានហូរចាក់ទម្លុះដំបូលទូក បន្សល់ទុកនូវប្រហោងយ៉ាងធំ។
លោក Shane Turpin ម្ចាស់ និងជាអ្នកបញ្ជាទូក ដែលត្រូវបានវាយប្រហារដោយកម្អែលភ្នំភ្លើងនោះ បាននិយាយថា គន្លងមក គាត់ពុំធ្លាប់ឃើញបន្ទុះ ដែលធ្វើឱ្យថ្មរលាយធ្លាក់មកលើទូករបស់គាត់ឡើយ ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ metro.co.uk