ព័ត៌មានអន្តរជាតិ ៖ ក្រសួងសុខាភិបាល សឹង្ហបុរី គូសបញ្ជាក់កាលពីពេលថ្មីៗកន្លងទៅនេះ អោយ ដឹងថា មានករណីឆ្លងមេរោគអេដស៍ សាជាថ្មីដល់ទៅ ៤៥៥ ករណី ក្នុងចំណោមប្រជាជនសឹង្ហបុរី អំឡុងឆ្នាំ ២០១៥ កន្លងទៅនេះ ដែលភាគច្រើន ករណីឆ្លងមេរោគអេដស៍ខាងលើ គឺបណ្តាលមកពី ការរួមភេទ ។
តួរលេខខាងដើម នៃករណីឆ្លងមេរោគអេដស៍ សាជាថ្មី ដល់ទៅ ៤៥៥ ករណី នាំឲ្យតួលេខផ្លូវការ នៃការឆ្លងវីរុស HIV ក្នុងចំណោមប្រជាជនសឹង្ហបុរី កើនឡើងដល់ទៅ ៧១៤០នាក់ ចាប់តាំងពីចុង ឆ្នាំ ២០១៥ ក្នុងនោះ អ្នកជម្ងឺឆ្លងមេរោគអេដស៍ ១៨១៦នាក់ បានស្លាប់បាត់បង់ជីវិត នេះបើយោង តាមសេចក្តីរាយការណ៍ update ពីគេហទំព័រក្រសួងសុខាភិបាល នៅថ្ងៃពុធនេះ។ ចាប់តាំងពីឆ្នាំ ២០០៨ បើតាមសេចក្តីរាយការណ៍ បញ្ជាក់ឲ្យដឹងថា ជារៀងរាល់ឆ្នាំ មានករណីឆ្លងមេរោគអេដស៍ ប្រមាណ ៤៥០ករណី ។
ករណីឆ្លង HIV អំឡុងឆ្នាំ ២០១៥ កន្លងទៅនេះ ៩៣ភាគរយ គឺជាបុរស ក្នុងនោះ ៧៤ភាគរយ មាន អាយុចន្លោះពី ២០ ទៅ ៤៩ ឆ្នាំ ខណៈប្រមាណជាង ៤០ភាគរយ គឺទទួលនូវការឆ្លងវីរុស HIV ដំណាក់កាលចុងក្រោយនៃពេលដែលធ្វើ រោគវិនិច្ឆ័យ ។ ក្នុងចំណោម ៤៥៥ ករណីនៃការឆ្លងវីរុស HIV សាជាថ្មី ៩៧ ភាគ ឬ ៤៤០ ករណី ឆ្លងតាមការរួមភេទ ។
រដ្ឋមន្រ្តីជាន់ខ្ពស់ ពីក្រសួងសុខាភិបាល បរិស្ថាន និងធនធានទឹក លោក Amy Khor គូសបញ្ជាក់ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក យប់ថ្ងៃពុធកន្លងទៅនេះ ឲ្យដឹងថាវិធីសាស្រ្តដ៏មានប្រសិទ្ធភាព ដើម្បីទប់ស្កាត់ករណីឆ្លងមេរោគអេដស៍នោះគឺ ប្តីមួយប្រពន្ធមួយ (ដៃគូតែមួយ) និងជៀសវាងឲ្យ ខាន់តែបានក្នុងការរួមភេទជាមួយនឹងស្រីពេស្យាចារ្យ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន