ព័ត៌មានអន្តរជាតិ ៖ សហរដ្ឋអាមេរិក នឹងធ្វើការដោះលែងទណ្ឌិត ជិត ៦០០០ នាក់ ដែលជាអ្នក ទោសឧក្រិដ្ឋកម្មគ្រឿងញៀនក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះជាកិច្ចខិតខំប្រឹងប្រែងស្តីពីកំណែ ទម្រង់គោលនយោបាយ ជាប់ពន្ធនាគារដ៏ច្រើនលើសលប់ ។
ទណ្ឌិតប្រមាណជាង ៣៤០០ នាក់ ត្រូវបានអាជ្ញាធរបញ្ជូនរួចជាស្រេចទៅកាន់ មូលដ្ឋាន ស្តារនិតិ សម្បទាហើយ មិនត្រឹមតែប៉ុណ្ណោះ ទណ្ឌិត ប្រមាណ ១៧០០ នាក់ផ្សេងទៀត ដែលជាអ្នកទោស មិនមែនជាពលរដ្ឋអាមេរិកនោះ ប្រឈមនឹងការនិរទេស ។ បំលាស់ប្តូរលើកនេះ គឺជាផ្នែកមួយនៃ កិច្ចខិតខំប្រឹងប្រែង កំណែទម្រង់ ជាប់ពន្ធនាគាររយៈពេលយូរ ពីសំណាក់ក្រុម ជនល្មើសគ្មានអំពើ ហឹង្សា ដែលមានតួរលេខស្មើនឹងពាក់កណ្តាលនៃតួរលេខសរុប ទណ្ឌិត សហព័ន្ធ ។
សេចក្តីរាយការណ៍បញ្ជាក់អោយដឹងថា ទណ្ឌិត ភាគច្រើន ត្រូវ បាន ដោះលែង កាលពីថ្ងៃសុក្រ សប្តាហ៍កន្លងទៅនេះ ខណៈមួយចំនួនផ្សេងទៀត នឹង ត្រូវដោះលែង ជាបន្តបន្ទាប់អំឡុងសប្តាហ៍ នេះនិងសប្តាហ៍ក្រោយ។ គួររំឮកថា ការដោះលែងលើកនេះ គឺជាការដោះលែង ទ្រង់ទ្រាយធំបំផុត នៅក្នុងទំព័រប្រវត្តិសាស្រ្ត សហរដ្ឋអាមេរិក ដែលតួរលេខទណ្ឌិតត្រូវដោះលែង កើនឡើងខ្ពស់ដល់ ទៅរាប់ពាន់នាក់ឯណោះ ។ បរិបទនៃការ ដោះលែង ទ្រង់ ទ្រាយ ធំលើកនេះ គឺជាច្បាប់មួយថ្មីពី គណៈកម្មការ ការកាត់ទោស សហរដ្ឋអាមេរិក ឬ US Sentencing Commission ។ ជាមធ្យម ការ ជាប់ទោសរបស់ពួកគេ ត្រូវកាត់បន្ថយ រយៈពេល ២ ឆ្នាំ ។
ពុំទាន់ជាក់ច្បាស់នៅឡើយ ថាតើនឹងមានអ្វីកើតឡើងចំពោះ ទណ្ឌិតដែលមិនមែនជាពលរដ្ឋសហ រដ្ឋអាមេរិក ។ ការស៊ើបអង្កេត របស់ ក្រុមការងារ BBC ទៅកាន់ នាយកដ្ឋានយុត្តិធម៌ ពុំទាន់បាន ឆ្លើយតបនៅឡើយទេ ។ គួរបញ្ជាក់ថា ការដោះលែងទណ្ឌិតលើកនេះ គឺជាការដោះលែង ដ៏ធំបំផុត មិនធ្លាប់មាននៅក្នុងទំព័រ ប្រវត្តិសាស្រ្ត សហរដ្ឋអាមេរិក តួយ៉ាង ទណ្ឌិតប្រមាណ ៤៦,០០០ នាក់ ក្នុង ចំណោមទណ្ឌិតឧក្រិដ្ឋកម្មគ្រឿងញៀន ជាង ១០០,០០០ នាក់ អាចនឹងត្រូវបានដោះលែង ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី