(វ៉ាស៊ីនតោន)៖ អ្នកនាំពាក្យសេតវិមានអាមេរិកបានឲ្យដឹង នៅព្រឹកថ្ងៃអង្គារនេះថា ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បានលុបចោលការជួបពិភាក្សា ជាលើកទីមួយរបស់លោក ជាមួយនឹងលោក Rodrigo Duterte ប្រធានាធិបតីហ្វីលីពីន បន្ទាប់ពីលោក Rodrigo បានប្រើពាក្យសម្តីមិនសមរម្យ ជាខ្លាំងទៅលើលោក មេដឹកនាំលេខ១លើពិភពលោករូបនេះ។ នេះបើតាមការផ្សាយ ដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី០៦ ខែកញ្ញា ឆ្នាំ២០១៦។
ប្រធានាធិបតីហ្វីលីពីនរូបនេះ ត្រូវបានគេស្គាល់ពីថ្វីមាត់ច្បាស់អំឡុងយុទ្ធនាការ ដឹកនាំការប្រឆាំងការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ហើយក្នុងមនុស្សជាង ២,៤០០នាក់ ហើយត្រូវបានសម្លាប់ផងដែរ។ នៅម្សិលមិញនេះ មួយថ្ងៃមុននឹងការបើកកិច្ចប្រជុំអាស៊ាន នៅប្រទេសឡាវ លោក Rodrigo បានប្រើសម្តី សំដៅទៅលើ លោក អូបាម៉ា ដែលមានន័យជាភាសាអង់គ្លេសថា «Son of a Bitch» (សូមអភ័យទោស, ជាភាសាខ្មែរមានន័យថា កូនមីឆ្កែ), ដោយនេះជាការប្រមាថ មើលងាយយ៉ាងខ្លាំងមកលើ លោកប្រធានាធិបតី អូបាម៉ា ដែលជាមេដឹកនាំប្រទេស មហាអំណាចមួយទាំងមូល។
លោក អូបាម៉ា បានដឹងពីការប្រមាថនេះ ខណៈដែលលោក ចាកចេញពីប្រទេសចិន ក្រោយបញ្ចប់កិច្ចប្រជុំ G20 នៅហាងចូវ។ នៅក្នុងសន្និសីទមួយ លោកអូបាម៉ា បានប្រាប់អ្នកសារព័ត៌មាននានាថា ជំនួបរវាងមេដឹកនាំ ប្រទេសទាំងពីរទំនង ជាមិនអាចនឹងកើតឡើងទៅរួចឡើយ។ លោក Obama បាននិយាយថា «ខ្ញុំតែងតែចង់ បញ្ជាក់ឲ្យប្រាកដថា ប្រសិនបើខ្ញុំចូលរួមកិច្ចប្រជុំណាមួយ កិច្ចប្រជុំនោះត្រូវសម្រេចបានផ្លែផ្កា ជាសមិទ្ធផល»។
គួរបញ្ជាក់ដែរថា នេះមិនមែនជាលើកទីមួយ ដែលប្រធានាធិបតីហ្វីលីពីនលោក Rodrigo បានជេរប្រមាថមើលងាយ មន្ត្រីជាន់ខ្ពស់ ឬមេដឹកនាំពិភពលោក៕
ប្រភព ៖ independent