CamNews

កំសាន្ត 

នាយក្រូច ទម្លាយថា មានតារាស្រីមួយចំនួន មិនចង់សម្ដែងជាមួយខ្លួន

ភ្នំពេញៈ ក្នុងឱកាសសម្ពោធរឿង មានឈ្មោះថា«បងទុំ អូនទាវ២០១៥» តួឯកប្រុសនាយ ក្រូច បានបង្ហើបឲ្យដឹងថា ទម្រាំ តែស្វែងរកតួស្រី មកសម្តែងជាមួយលោកបាន មិនមែនជា រឿងងាយស្រួលប៉ុន្មានទេ ព្រោះថានាពេលកន្លងមក មានតារាស្រីមួយចំនួន បានប្រកែកមិនព្រមសម្តែង ជាមួយលោកឡើយ ពោលគឺមានតែ កញ្ញា តូតា ម្នាក់ប៉ុណ្ណោះ ដែលព្រមសម្តែង ដោយមិនមានការប្រកាន់ខ្លួន ជាមួយលោក ។

ថ្លែងដោយចំហរ ក្នុងកម្មវិធីសម្ពោធរឿង «បងទុំ អូនទាវ២០១៥» តារាកំប្លែងល្បីឈ្មោះ ប្រចាំស្ថានីយទូរទស្សន៍ស៊ីធីអ៊ីន នាយក្រូច បានបង្ហើបប្រាប់ឲ្យដឹងថា លោកសុំអរគុណទៅដល់ តារាសម្តែងវ័យក្មេង កញ្ញា តូតា ដែលព្រមសម្តែង ជាមួយលោក មិនប្រកាន់ខ្លួន ខណៈដែលតារាស្រីដទៃ មានការរើសអើង មិនព្រមចាប់ដៃគូសម្តែង ជាមួយលោក ហើយលោកក៏មិនបានដឹងច្បាស់ទេថា បណ្តាលមកពីមូលហេតុអ្វី បានជាធ្វើឲ្យតួសម្តែងស្រីទាំងអស់នោះ មិនសម្តែងជាមួយលោក ទំនងប្រហែលជាគេគិតថា លោកជារមនុស្សរពឹសដៃហើយមើលទៅ..!។

តារាកំប្លែងមុខស្ងួត សម្បូរវោហារ កំប្លុកកំប្លែងរូបនេះ បានប្រាប់ឲ្យដឹងទៀតថា «កន្លងមកមានតួស្រីល្បី ឈ្មោះខ្លះ គេមិនព្រមទទួល ថតជាមួយខ្ញុំឡើយ ហើយខ្ញុំក៏មិនដឹងដែរថា មកពីហេតុអី បានជាគេ មិនព្រមថតជាមួយខ្ញុំ នៅក្នុងនោះខ្ញុំក៏មិនចង់ បញ្ចេញឈ្មោះអីដែរ ព្រោះកុំឲ្យមានបញ្ហាអ្វី វែងឆ្ងាយជាងនេះ » ។

តារាកំប្លែងដែលមានស្រុកកំណើត នៅខេត្តកំពង់ស្ពឺរូបនេះ បានប្រាប់ឲ្យដឹងបន្ថែមទៀតថា តាមរយៈរឿង «បងទុំអូនទាវ ២០១៥»នេះ អាចមានការគាំទ្រច្រើន មិនចាញ់រឿងមុនៗ ដែលលោកធ្លាប់សម្តែងទេ ហើយម្យ៉ាងទៀតរឿងថ្មីនេះ គឺមានតួស្រីស្អាតល្បីឈ្មោះបូករួម ជាមួយអត្ថន័យរឿងល្អៗ កំប្លែងជាច្រើនផង៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Star News khroch