CamNews

ព័ត៌មានអន្តរជាតិ 

មនុស្សជាតិ នឹងស្លាប់ ១០០០ឆ្នាំខាងមុខ បើសិនមិនរត់គេចពីភពផែនដី ដែលកំពុងតែខ្ទាំខ្ទេចមួយនេះ

(ឡុងដ៏)៖ កំពូលអ្នករូបវិទ្យា និងវិទ្យាសាស្ត្រអង់គ្លេសដ៏ល្បីល្បាញ​មួយរូបមកពីសាកលវិទ្យាល័យ Oxford លោក ​Stephen Hawking បានជំរុញឱ្យមនុស្សគ្រប់គ្នាចាប់​អារម្មណ៍លើការធ្វើដំណើរ​ទៅកាន់ទីអវកាស មុនមិនទាន់យឺតពេល ត្បិតអីលោកគិតថាមនុស្សនឹងមិនអាចបន្តរស់នៅលើផែនទៀតឡើយបើមិនចូលទៅ​ ស្រាវជ្រាវរកកន្លែងរស់នៅផ្សេងទៀតនៅក្នុងលំហអាកាសនោះ។ នេះបើ​តាម​​ការចុះផ្សាយរបស់​សារព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦។


លោក ​Stephen Hawking បានលើកឡើងដូច្នេះថា «ខ្ញុំ​មិនគិតឡើយថា មនុស្សអាចបន្តរស់នៅលើសពី ១,០០០ឆ្នាំទៅមុខទៀត ដោយមិនរត់គេចចេញពីផែនដី​ដ៏ផុយស្រួលរបស់យើង​ដែលនឹងមិន​អាច​គិតផុត​ពីការបំផ្លិចផ្លាញ ដូច្នេះមនុស្សគ្រប់គ្នាគួរតែសម្លឹងទៅមើលភពផ្សេង ហើយសម្រាប់ខ្ញុំដើមកំណើតមនុស្ស​នឹងមិនមាននៅពេលអានាគតនោះទេ បើសិនជាមិនចូល​ទៅស្រាវជ្រាវកន្លែង​ផ្សេងក្នុង​លំហអាកាស»។

ជាមួយគ្នានោះដែរ អ្នករូបវិទ្យារូបនេះបានវាយតម្លៃទៀតថា ជីវិតនៅលើភពផែន​ដីកាន់តែជួបការ​​គំរាមកំហែងកាន់តែខ្លាំង និងប្រឈមមុខការបំផ្លិចបំផ្លាញ​ដោយគ្រោះមហន្តរាយ បង្កឡើងដោយធម្មជាតិ ជាពិសេសគឺទង្វើរបស់​មនុស្សលោកដូចជា សង្រ្គាមនុយក្លេអ៊ែរ ការវិវត្តន៍ហ្សែន​នៃវីរុស ឬក៏វីរុសបង្កើតឡើងដោយមនុស្ស​ខ្លួនឯងជាដើម។

គួរបញ្ជាក់ថា បើយើងគិតអំពីសមត្ថភាពរបស់មនុស្សនាពេលបច្ចុប្បន្ន ឬក៏ពីពីរទៅបីទសវត្សរ៍ខាងមុខ​ទៀតនោះ យើងអាចត្រឹមតែធ្វើដំណើរទៅកាន់ភពព្រះអង្គារតែប៉ុណ្ណោះ។ ជាក់ស្តែងសហរដ្ឋអាមេរិក​តាមរយៈអង្គការ NASA កំពុងរៀបចំគំរោងក្នុងការបញ្ជូនមនុស្សទៅកាន់ភពក្រហមនេះនៅឆ្នាំ២០៣០ ហើយសម្រាប់ភពផ្សេងក្រៅពីប្រព័ន្ធព្រះអាទិត្យរបស់យើងនេះ គឺហាក់មិនទាន់មាន​សញ្ញាណា​មួយ​​ចំពោះ​លទ្ធភាពដែលមនុស្សលោកអាចនឹងទៅដល់ក្នុងរយៈពេលមួយជីវិតនោះឡើយ៕


ប្រភព ៖ អ័រតេ


Tags: Nasa Stephen Hawking