CamNews

ព័ត៌មានអន្តរជាតិ 

អ្នកចូលចិត្ដញ៉ាំត្រីកំពត Fugu ត្រូវប្រុងប្រយ័ត្ន ព្រោះទីក្រុងមួយនៅជប៉ុនកំពុងប្រកាសអាសន្ន!

ទីក្រុងជប៉ុនមួយ បានផ្សព្វផ្សាយពីការព្រមានបន្ទាន់មួយ ដើម្បីឈប់ប្រជាជនកុំឱ្យញ៉ាំត្រីកំពត Fugu បន្ទាប់ពីត្រីនេះមួយភាគធំ ដែលសង្ស័យថា មានផ្ទុកជាតិពុល ត្រូវបានយកទៅលក់ដោយពុំបានពិនិត្យឱ្យត្រឹមត្រូវ ។

ផ្សារទំនើបក្នុងស្រុកមួយ នៅទីក្រុងហ្កាហ្គូរី បានលក់ត្រីនេះចំនួន ៥ កញ្ចប់ ដោយពុំវះយកថ្លើម ដែលមានជាតិពុលចេញនោះទេ។


អ្នកជំនាញ បានរកឃើញត្រីនេះ ៣ កញ្ចប់​ ចំណែកឯ ២ កញ្ចប់ទៀតនៅរកមិនទាន់ឃើញនៅឡើយ។  ត្រីឆ្ងាញ់នេះ អាចមានជាតិពុលខ្លាំងបំផុត ដែលកំហុសឆ្គងបន្ដិចបន្ដួចក្នុងការវះសម្អាតវា អាចបង្កឱ្យមានគ្រោះថ្នាក់ដល់ជីវិត។ ជារៀងរាល់ឆ្នាំ ករណីពុលត្រីកំពតនេះ បានកើតឡើងជាច្រើនដង នៅក្នុងប្រទេសនេះ ប៉ុន្តែកម្រិតនៃការពុល មិនសុទ្ធតែមានលក្ខណៈសាហាវទាំងអស់នោះទេ។

អាជ្ញាធរក្រុងជីម៉ាហ្គូរី នៅភាគកណ្តាលប្រទេសជប៉ុន បានបង្កើតប្រព័ន្ធសង្គ្រោះបន្ទាន់មួយ ដោយទទូចឱ្យប្រជានជនយកត្រី ដែលអាចបង្ករគ្រោះថ្នាក់នោះមកវិញ។

មន្ត្រីក្នុងតំបន់លោក Koji Takayanagi បានប្រាប់ AFP ថា៖ «យើងកំពុងអំពាវនាវឱ្យប្រជាពលរដ្ឋចៀសវាងការញ៉ាំត្រីនេះ ដោយប្រើប្រាស់ប្រព័ន្ធ wireless បន្ទាន់របស់ទីក្រុងហ្កាហ្គូរី» ដែលផ្សាយតាមឧបករណ៍បំពងសម្លេង នៅជុំវិញទីក្រុង។

សូមជម្រាបជូនថា ត្រី Fugu  ដែលជាប្រភេទត្រីមានតាមរដូវនេះ ត្រូវបានប្រជាជនយកទៅញ៉ាំទាំងឆៅ ឬយកទៅស្ងោរជាមួយស៊ុប។

ថ្លើម ពង និងស្បែករបស់ត្រីនេះមានផ្ទុកសារធាតុពុលម្យ៉ាងឈ្មោះ tetrodotoxin  ដែលអាចបណ្ដាលឱ្យពុលស្លាប់ ហើយមុននឹងអាចលក់ ឬចម្អិនត្រីនេះបាន ប្រជាជន ឬអ្នកលក់ ចាំបាច់ត្រូវទទួលការបណ្តុះបណ្ដាលពិសេស និងទទួលលិខិតអនុញ្ញាតពីស្ថានប័នពាក់ព័ន្ធពីរបៀប រៀបចំ និងចម្អិន។

សារធាតុ Tetrodotoxin ប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទ ហើយជាតិពុល អាចមានប្រតិកម្ម"លឿន និងធ្វើឱ្យរសេះរសោះ " ដែលនាំឱ្យស្ពឹកនៅជុំវិញមាត់មុនគេ បន្ទាប់មកមានអាការៈខ្វិនដៃជើង និងបណ្ដាលឱ្យស្លាប់ ៕


ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ BBC


Tags: International news