CamNews

ព័ត៌មានអន្តរជាតិ 

ទីបំផុតរដ្ឋាភិបាលអាមេរិក ប្រកាសផ្អាកលក់កាំភ្លើង ២៦,០០០ដើម ដល់ស្ថាប័នប៉ូលិសហ្វីលីពីន ដោយចោទរឿង​រំលោភ

(វ៉ាស៊ីនតោន)៖ ក្រសួងការបរទេសអាមេរិកបានផ្អាកគំរោងនៃការលក់កាំភ្លើងប្រមាណ ២៦,០០០ដើម ទៅឲ្យស្ថាប័នប៉ូលិសជាតិនៃប្រទេសហ្វីលីពីន នៅក្រោយពេលដែលសមាជិកសភាអាមេរិកលោក Ben Cardin បានអះអាងថា លោកនឹងជំទាស់ដាច់ខាតចំពោះផ្គត់ផ្គង់អាវុធទៅឲ្យប្រទេសនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Channel News Asia ដកស្រង់ចេញពី Reuters នៅមុននេះបន្តិចនារសៀលថ្ងៃអង្គារ ទី០១ ខែតុលា ឆ្នាំ២០១៦។


នៅពេលដែលក្រសួងការបរទេសអាមេរិកបានផ្តល់ដំណឹងទៅកាន់សភាជាតិ អំពីការលក់អាវុធទៅឲ្យប្រទេស ហ្វីលីពីន សមាជិកគណកម្មាធិការទំនាក់ទំនងការបរទេស បានធ្វើការឆ្លើយតបទៅវិញថា លោក Ben Cardin នឹងប្រឆាំងកិច្ចព្រមព្រៀងនៃការលក់អាវុធជាប្រភេទកាំភ្លើងរះពី ២៦,០០០ ទៅ ២៧,០០០ដើមនេះ។

ជាមួយគ្នានេះដែរទីប្រឹក្សារបស់លោក Cardin បានបង្ហើបប្រាប់ក្រុមអ្នកសារព័ត៌មានថា សមាជិកកំពូលរបស់ គណកម្មាធិការទំនាក់ទំនងការបទេសនៃសភាអាមេរិករូបនេះ មានការស្ទាក់ស្ទើរចំពោះ​ការផ្តល់​អាវុធរបស់ សហរដ្ឋអាមេរិកទៅឲ្យហ្វីលីពីន ដោយសារតែការរំលោភបំពានសិទ្ធិមនុស្សនៅក្នុងប្រទេស អាស៊ីអាគ្នេយ៍មួយនេះកំពុងតែប្រព្រឹត្តទៅយ៉ាងផុសផុលដោយគ្មានអន្តរជាតិណា អាច​ប៉ះពាល់បាន។

គួរបញ្ជាក់ថាទំនាក់ទំនងរាប់ទសវត្សរ៍រវាងហ្វីលីពីន និងអាមេរិកបានជួបប្រទះនឹងភាពចម្រូងចម្រាស កាលពីពេលថ្មីៗកន្លងទៅនេះ ដោយសារតែប្រតិកម្មរបស់ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូធើតេ ចំពោះការរិះពីសំណាក់ទីក្រុងវ៉ាស៊ីនតោន ទៅលើសង្រ្គាមបង្រ្កាបគ្រឿងញៀនខុសច្បាប់របស់លោក ដែលបានសម្លាប់ជីវិតមនុស្សជាង ២,៣០០នាក់។

ម៉្យាងវិញទៀតនោះ កាលពីដើមខែតុលាលោក រ៉ូឌ្រីហ្គោ ឌូធើតេ បានប្រាប់ប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា ឲ្យទៅចុះនរកទៅ និងបាននិយាយថាអាមេរិក​បានបដិសេធមិនលក់អាវុធ​មួយចំនួន​ទៅឲ្យប្រទេស លោក ប៉ុន្តែលោក ឌូធើតេ មិនបានខ្វល់នោះឡើយដោយបានអះអាងរុស្ស៊ី និងចិនរីករាយជានិច្ចក្នុងការ លក់អាវុធដើម្បីផ្គត់ផ្គង់ប្រទេសហ្វីលីពីន៕

ប្រភព ៖ CNA

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Philippine int news Hot news Breaking news