ព័ត៌មានអន្តរជាតិ ៖ ប្រធានាធិបតី សហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា នឹងបន្ត រក្សាវត្តមានទ័ព សហរដ្ឋអាមេរិក ប្រមាណជាង ៥៥០០នាក់ នៅប្រទេស អាហ្វហ្គានីស្ថាន ដដែល នៅពេលដែល លោកចប់តំណែងជាប្រធានាធិបតី ចុងឆ្នាំ ២០១៧ ខណៈបរិបទមួយនេះ ត្រូវបានគេបញ្ជាក់អោយ ដឹងថា ជាការផ្លាស់ប្តូរដ៏ចាំបាច់បំផុត ពាក់ព័ន្ធទៅនឹងគម្រោងដកទ័ពកាលពីពេលកន្លងមកនេះ ពី ប្រទេសអាហ្វហ្គានីស្ថាន ។ ទោះជាយ៉ាងណាក៏ដោយចុះ បេសកម្ម ទ័ព ដែលរក្សាវត្តមាន នឹងមិន មានការផ្លាស់ប្តូរនោះទេ ។
ទ័ពអាមេរិក ដែលនៅសេសស់ នឹងរក្សាវត្តមានរបស់ខ្លួន នៅក្នុងមូលដ្ឋាន ៤ កន្លែងផ្សេងៗពីគ្នា តួយ៉ាងមាននៅមូលដ្ឋានទីក្រុង Kabul, Bagram, Jalalabad និង មូលដ្ឋានទីក្រុង Kandahar ជាដើម ប្រភពសារព័ត៌មានរុស្ស៊ី អ័រតេ អោយដឹងថា ទ័ពអាមេរិក បច្ចុប្បន្នភាព ប្រមាណ ៩៨០០ នាក់នឹង បន្តវត្តមានរបស់ខ្លួន នៅក្នុងទឹកដីប្រទេសអាហ្វហ្គានីស្ថាន រហូតដល់ ចុង ឆ្នាំ ២០១៦ ខណៈនឹង ធ្លាក់មកនៅត្រឹមតែ ៥៥០០ នាក់ តែប៉ុណ្ណោះ អំឡុង ឆ្នាំ ២០១៧ ។ លោក បារ៉ាក់ អូបាម៉ា គូស បញ្ជាក់ក្តែងៗ នៅឯសេតវិមាន នារដ្ឋធានី វ៉ាស៊ិនតោន អោយដឹងថា "វាគឺជារឿងត្រឹមត្រូវដែលត្រូវ តែធ្វើ ក្នុងនាមជាមេបញ្ជាការ ជួរមុខ ខ្ញុំនឹងមិនអនុញ្ញាតអោយក្រុមភារវករ ប្រើប្រាស់ទឹកដីប្រទេស អាហ្វហ្គានីស្ថាន ធ្វើជាមូលដ្ឋានសុខដុម ឈាន ទៅ វាយប្រហារ ប្រជាជាតិ អាមេរិកសាជាថ្មីទៀត នោះទេ" ។ កងកម្លាំងសហរដ្ឋអាមេរិក នឹងបន្តហ្វឹកហ្វើន ក៏ដូចជាប្រឹក្សា ដល់កងកម្លាំងទ័ព អាហ្វ ហ្គានីស្ថាន និងធានាអោយបាន ដោយផ្តោតជាសំខាន់ ទៅលើក្រុមអាល់កៃដារ ការពារ ការគម្រាម គំហែងដល់សន្តិសុខជាតិ សហរដ្ឋអាមេរិក នេះបើយោងតាមការគូសបញ្ជាក់អោយដឹងពីសំណាក់ មន្រ្តីរដ្ឋបាលជាន់ខ្ពស់សហរដ្ឋអាមេរិក ។
ដោយឡែក ក្រសួងការបរទេស រុស្សី អំឡុងថ្ងៃព្រហស្បត្តិ៍ម្សិលមិញនេះ លើកឡើង ដោយមានការ សង្ស័យទៅលើសេចក្តីសម្រេចចិត្ត ពីសំណាក់រដ្ឋាភិបាល ក្រុងវ៉ាស៊ិនតោន ពីបរិបទក្នុងការ បន្តវត្ត មានទ័ពនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ក្នុងគោលបំណង ជួយ សម្រួល សង្គ្រាមស៊ីវិលនៅក្នុងប្រ ទេស ខណៈគូសបញ្ជាក់យ៉ាងច្បាស់ថា លោកខាងលិច គួរតែផ្តល់ជំនួយពិតប្រាកដ ដល់ប្រទេស អាហ្វហ្គានីស្ថាន ។ លោក Zamir Kabulov អគ្គ នាយដ្ឋាន Second Department ពីក្រសួងការបរ ទេសរុស្ស៊ីអោយដឹងថា "ខ្ញុំពិតជាមិនដឹងថាវានឹង ផ្លាស់ ប្តូរឬក៏យ៉ាងណា ។ ប៉ុន្តែ ដូចដែលខ្ញុំធ្លាប់ បានលើកឡើងកាលពីដើមឡើយមកថា ទ័ពដល់ ទៅ ១០០,០០០ នាក់ ពុំទាន់ជោគជ័យផង ចុះ ទម្រាំតែបរិមាណទ័ព ៥០០០ ទៅ ៦០០០ នាក់ ទៅជាយ៉ាងណាវិញ ?
គួររំឮកថា កាលពីពេលកន្លងទៅនេះ ពាក់ព័ន្ធនឹងគម្រោង ដកទ័ព អាមេរិកពីប្រទេសអាហ្វហ្គានី ស្ថាន សហរដ្ឋអាមេរិក ប្រកាសដកទ័ពទាំងអស់ចុងឆ្នាំ ២០១៦ ដោយរក្សា បរិមាណតិចតួរបំផុត ក្នុងគោលបំណងរក្សាសន្តិសុខ នៅស្ថានទូត អាមេរិក ប្រចាំ អាហ្វហ្គានីស្ថាន ដោយឡែក បច្ចុប្បន្ន ភាព មានការសម្រេចចិត្តខុសពីខាងដើម ដោយបន្តរក្សា ទ័ព ប្រមាណ ៥៥០០នាក់ ដដែល ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អ័រតេ