ស្ត្រីជនជាតិចិនម្នាក់ ដែលបានហែកព្រះឆាយាល័ក្ខណ៍របស់ព្រះមហាវីរក្សត្រ ត្រូវបាននគរបាល
បញ្ជូនដល់តុលាការសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៣ ខែតុលានេះ។
ស្ត្រីជនជាតិចិន ដែលជាអ្នកគ្រប់គ្រងរោងចក្រកាត់ដេរ ឈ្មោះ TOP WORLD ស្ថិតនៅសង្កាត់
ក្បាលកោះ ខណ្ឌមានជ័យ ដែលបានហែករូបថតព្រះឆាយាល័ក្ខណ៍ព្រះមហាវីរក្សត្រ សម្តេចឪ
នរោត្តម សីហនុ និងត្រូវបានអាជ្ញាធរឃាត់ខ្លួននាព្រឹកថ្ងៃទី២២ ខែតុលា កន្លងទៅ ត្រូវបានចោទ
ប្រកាន់ពីបទរំលោភរដ្ឋធម្មនុញ្ញ និងច្បាប់ព្រហ្មទណ្ឌរបស់ប្រទេសកម្ពុជា ដែលបានកំណត់ថា
អង្គអតីតព្រះមហាក្សត្រ មិនអាចរំលោភបានឡើយ។
ប្រភពពីកម្មករ កម្មការិនីរោងចក្រ និងអាជ្ញាធរ បានឲ្យដឹងថា នៅក្នុងរោងចក្រ ស្ត្រីជនជាតិចិន
នោះបានដណ្តើមយករូបព្រះឆាយាល័ក្ខណ៍ពីកម្មករ កម្មការិនី ដែលកំពុងកាន់យកចូលទៅក្នុង
រោងចក្រ ហើយហែកចោល ទើបធ្វើឲ្យកម្មកររាប់រយនាក់ផ្ទុះកំហឹងតវ៉ា និងទាមទារឲ្យទៅសុំ
ទោស និងកោរសក់ចំពោះទង្វើប្រមាថលើព្រះមហាវីរក្សត្រដូច្នេះ។
បន្ទាប់មក ស្ត្រីជនជាតិចិននោះត្រូវបានប៉ូលិសដាក់ខ្នោះ ហើយលុតជង្គង់ ថ្វាយបង្គំសូមទោស
ចំពោះមុខព្រះឆាយាល័ក្ខណ៍របស់ព្រះមហាវីរក្សត្រ នៅមុខរោងចក្រកាត់ដេរ ស្ត្រីជនជាតិចិនរូប
នេះ បច្ចុប្បន្នត្រូវបានបញ្ជូនទៅតុលាការក្រុងភ្នំពេញ ដើម្បីកាត់ទោសតាមច្បាប់។
សូមរំលឹកថា កាលពីប៉ុន្មានថ្ងៃមុន ស្ត្រីជនជាតិថៃម្នាក់ បម្រើការផ្នែកព័ត៌មាន នៅទូរទស្សន៍ប៉ុស្តិ៍
លេខ៣ របស់ថៃ ក៏ត្រូវបានគេរិះគន់យ៉ាងខ្លាំង ហើយនាងក៏បានសូមខមាទោសចំពោះកំហុស
អចេតនារបស់ខ្លួន ខណៈកំពុងផ្សាយព័ត៌មាននៅមុខព្រះបរមរាជវាំង ដែលពេលនោះ នាងបាន
ដាក់ព្រះឆាយាល័ក្ខណ៍របស់ព្រះមហាវីរក្សត្រ នៅក្បែរជើង។ ប៉ុន្ដែបើធៀបនឹងកំហុសរបស់ស្ដ្រីជន
ជាតិថៃ គេជឿថា ស្ដ្រីជនជាតិចិន មានកំហុសធំជាងច្រើនណាស់៕
ដោយ ៖ សូរីយ៉ា