ព័ត៌មានអន្តរជាតិ ៖ ប្រជាពលរដ្ឋ រស់នៅជុំវិញ មូលដ្ឋានទ័ពអាកាស Soewondo Air Base ទីក្រុងMedan ភាគខាងជើង កោះស៊ូម៉ាត្រា ប្រទេស ឥណ្ឌូនេស៊ី នោះ នៅតែ បន្តមានភាពតក់ស្លុតដក់ ជាប់ក្នុងចិត្តជានិច្ច ក្រោយហេតុការណ៍ ធ្លាក់យន្តហោះ យោធា Hercules C-130 កាលពីសប្តាហ៍ កន្លងទៅនេះ នៅក្នុងតំបន់ទីប្រជុំជនដែលមានមនុស្សរស់នៅច្រើន ។
ភាពតក់ស្លុតរបស់ពួកគេ រង្គោះរង្គើសាជាថ្មី អំឡុងថ្ងៃពុធ ម្សិលមិញ នេះ អំឡុងវគ្គហ្វើកហ្វើន ខ្លី ស្តីពី ការទប់ស្កាត់ភាពភ័យខ្លាច និង តក់ស្លុត ដែលបានរៀបចំឡើង រវាង មន្រ្តីប៉ូលីស ភាគខាង ជើងកោះស៊ូមាត្រា និង សមាគមចិត្តសាស្រ្តក្នុងស្រុក នៅឯបរិវេណ សម្បទា Neumann មានរយៈ ចម្ងាយប្រមាណ ៥០ ម៉ែត្រ ពីទីតាំងកើតហេតុធ្លាក់យន្តហោះ ។
ពលរដ្ឋក្នុងតំបន់កើតហេតុ បញ្ជាក់ក្តែងៗអោយដឹងថា ពួកគេពិតជាមានភាពតក់ស្លុតជាខ្លាំង មក ដល់សព្វថ្ងៃនេះ អោយតែបានឃើញ ឬបានឮសម្លេងយន្តហោះ ហោះពីលើផ្ទះរបស់ពួកគេ ។ ជា ការពិត នាងខ្ញុំ ពេលខ្លះ គេងមិនលក់នោះទេ ព្រោះតែមានភាពតក់ស្លុត ជាប់ជានិច្ច ក្រោយហេតុ ការណ៍គ្រោះថ្នាក់លើកមុន នៃការធ្លាក់យន្តហោះ ខណៈមើល ឃើញ ដោយផ្ទាល់ភ្នែក មិនឆ្ងាយ ប៉ុន្មានពីផ្ទះនាងខ្ញុំ នេះបើយោង តាម សម្តី សាក្សីរស់ឃើញ ហេតុការណ៍ ផ្ទាល់ភ្នែកនាង Jurita Sari ។ ចង់ចូលទៅជួយដែរ ខណៈ ឃើញ ជនរងគ្រោះ មួយចំនួន បោយដៃពីខាងក្នុងយន្តហោះ ស្រែករកជំនួយ តែដឹងអីថា រំពេចនោះ យន្តហោះ ស្រាប់តែផ្ទុះឆេះបន្ថែមទៀត ។
ទោះជាយ៉ាងណាក៏ដោយចុះ មានសេចក្តីបំភ្លឺមួយលើកឡើងអោយដឹងថា រដ្ឋាភិបាល កំពុងតែធ្វើ ការពិចារណា ក្នុងការប្តូរទីតាំង មូលដ្ឋានទ័ព អាកាស ខាងលើ ដែលជាអតីត អាកាសយានដ្ឋាន
Polonia ទៅកាន់ទីវាលមួយឆ្ងាយ ពីទីប្រជុំជនសព្វថ្ងៃ ។ ស្ថិតនៅក្នុងវ័យ ៦១ ឆ្នាំពលរដ្ឋក្នុងស្រុក ម្នាក់ដែល មាន ឈ្មោះថា Rahman បញ្ជាក់ អោយ ដឹង ថា វាគឺជាបញ្ហាប្រឈមខ្លាំង ជាពិសេស សម្រាប់ពួកយើងដែលកំពុងតែរស់នៅ ជិតនឹងមូលដ្ឋានទ័ពអាកាសមួយនេះ ដូចដែលបានឃើញ ជាក់ស្តែង យន្តហោះ យោធា Herculus ធ្លាក់ចុះ បុកចំដំបូលផ្ទះ និង សណ្ឋាគារ មិនត្រឹមតែបាន បណ្តាលអោយ ជនរងគ្រោះស្លាប់នៅលើយន្តហោះនោះទេ តែកបានបណ្តាលអោយ ជនរងគ្រោះ នៅលើដីស្លាប់ដូចគ្នាដែរ ៕
- អាន ៖ បែកធ្លាយ ហេតុផលពីក្រោយ ធ្លាក់យន្តហោះ យោធា ផ្ទុះឆេះ ចំសណ្ឋាគារ សម្លាប់ មនុស្ស រាប់រយនាក់
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន