CamNews

ព័ត៌មានអន្តរជាតិ 

ក្រោយ Trump ឈ្នះឆ្នោត ប្រធានាធិបតីហ្វីលីពីន Rodrigo ថាពួកយើងពូកែជេរដូចគ្នា ខ្ញុំមិនចង់រករឿងឈ្លោះគ្នា

(ម៉ានីល)៖ បន្ទាប់ពីបានសម្តែងការអបអរសាទរចំពោះជ័យជម្នះរបស់លោក ដូណាល់ ត្រាំ ដែលទើបតែបាន​ឈ្នះឆ្នោតក្លាយជាប្រធានាធិបតីថ្មី របស់សហរដ្ឋអាមេរិកនោះ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូធើតេ បានសន្យាថានឹងឈប់រករឿងឈ្លោះ ឬក៏ជេរប្រទេចប្រទេសមហាអំណាចមួយនេះទៀតហើយ។ នេះបើតាមការចេញ​ផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនាព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦។

ថ្លែងទៅកាន់សហគមន៍ហ្វីលីពីនក្នុងរដ្ឋធានីគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នាឱកាសដំណើរបំពេញ​ទស្សនកិច្ច​នៅទីនោះ លោកប្រធានាធិបតីហ្វីលីពីនបានលើកឡើងថា «ខ្ញុំបាននិយាយថា ខ្ញុំមិនចង់រករឿងឈ្លោះគ្នាបន្តទៀតទេ ​ជាមួយសហរដ្ឋអាមេរិកព្រោះតែពេលនេះលោក ដូណាល់ ត្រាំ មានវត្តមាននៅទីនោះហើយ ទន្ទឹមគ្នានេះដែរ ខ្ញុំសូម​ចូលរួមអបអរសាទរលោកប្រធានាធិបតី ត្រាំ និងសូមឲ្យមានអាយុវែង។ ពួកយើងមានគោលគំនិតដូចគ្នា ហើយយើងទាំងពីរដូចគ្នា ដោយសារតែយើងតែងប្រើពាក្យជេរងាយៗណាស់»។

អ្នកវិភាគនយោបាយលោក Ramon Casiple បាននិយាយថា មេដឹកនាំនៃប្រទេសទាំងពីរ គឺជា​មនុស្សដែលមានគំនិត និងទស្សនៈថ្មីៗដូចគ្នា ហើយលោកទាំងពីរប្រហែល ជានឹងអាចត្រូវរូវគ្នាជាជាងជាមួយ នឹង​ប្រធានាធិបតីផុតអណត្តិលោក បារ៉ាក់ អូបាម៉ា ខណៈលោក Casiple បានទស្សន៍ទាយថាជ័យជម្នះ របស់លោក ដូណាល់ ត្រាំ អាចនឹងក្លាយជាការបើកទំព័រថ្មីនូវទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងហ្វីលីពីន ហើយលើសពីនេះ​ទៀតលោក ឌូធើតេ ក៏ធ្លាប់ត្រូវបានគេហៅថា «ត្រាំ នៅភាគខាងកើត» ផងដែរ។

គួរបញ្ជាក់ដែរថា លោក រ៉ូឌ្រីហ្គោ ឌូធើតេ មានវ័យ៧១ឆ្នាំ គឺជាអតីតអភិបាលក្រុងដាវ៉ាវ ដែលស្ថិតនៅភាគខាងត្បូង​ ប្រទេសហ្វីលីពីន ខណៈលោក ដូណាល់ ត្រាំ ក្នុងវ័យ៧០ឆ្នាំ គឺជាមហាសេដ្ឋីអចលនទ្រព្យដែលបានក្លាយជា​តារាបញ្ចេញមតិដ៏ល្បីនៅទូរទស្សន៍ ហើយគ្មានបទពិសោធន៍ទាក់ទងនឹងកិច្ចការរដ្ឋាភិបាលនោះឡើយ៕

ប្រភព ៖ ស៊ិនហួរ

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Philippine int news Hot news Breaking news