CamNews

កំសាន្ត 

សាវីន ហ្វីលីប យកអំណោយ លោក ខៃ ប្រសិទ្ធ និងសប្បុរស ជូនក្មេងប្រុស រងគ្រោះ ក្នុងទារុណកម្មយ៉ាង ព្រៃផ្សៃ

ភ្នំពេញៈ តារាសម្តែងជើងចាស់ កំពុងតែមានវត្តមាន ក្នុងរឿង “រនាថស្នេហ៍” លោក សាវីន ហ្វីលីព និងមិត្តភក្តិ ដែលកំពុងតែសកម្មក្នុងការ កសាងអណ្ដូងទឹកស្អាត តាមទីជនបទជូន ដល់ពលរដ្ឋក្រីក្រ ក្នុងខេត្តនានា នៅរសៀល ថ្ងៃទី២៩ខែសីហា ឆ្នាំ២០១៤ បានធ្វើដំណើរ ទៅភូមិកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង ដើម្បីជួប ផ្ទាល់ជាមួយកុមារារងគ្រោះ និងក្រុមគ្រួសារ ដោយសារតែការប្រើទារុណកម្ម សាហាវព្រៃផ្សៃ ដោយចាប់ជ្រមុដទឹក ព្រោះតែរឿងលួចដូង១ផ្លែ និងបានពាំនាំថវិកា ប្រមាណជិត ៥០០ដុល្លារ ទៅជូនកុមារារូបនោះ ។

តាមរយៈបណ្តាញទំនាក់ទំនងសង្គម Facebook ផ្ទាល់ខ្លួនរបស់ លោក សាវីន ហ្វីលីព បានបង្ហាញ រូបថតជាច្រើនសន្លឹក ស្តែងឲ្យឃើញសកម្មភាព ចុះទៅដល់ផ្ទាល់ នៅអធិការដ្ឋាននគរបាល ស្រុកពារាំង ខេត្តព្រៃវែង ជួបជាមួយម្តាយ និងកុមារារងគ្រោះ ដែលត្រូវបានគេចាប់ជ្រមុជទឹក ព្រោះតែលួចបេះផ្លែដូង កាលល្ងាចថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៤ នេះ ។ តារាសម្ដែង សាវីន ហ្វីលីព បានប្រគល់ថវិកា ចំនួន ៤៩០ ដុល្លារ ទៅដល់ពួកគេ ខណៈនៅក្នុងថវិកា នោះ មាន ១០០ ដុល្លារ ជាថវិកាផ្ទាល់ខ្លួន របស់អតីតតារាសម្តែង មានឈ្មោះបោះសំឡេង ជើងចាស់ លោក ខៃ ប្រសិទ្ធ ដែលកំពុងតែរស់នៅឯនាយសមុទ្រ ខណៈលោកបានសម្ដែងក្ដីអាណិតអាសូរជាពន់ពេក ពេលឃើញរូបធ្វើទារុណកម្មលើក្មេងប្រុសខាងលើ ។

នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៤ នេះ អ្នកនិយមលេងបណ្តាញ ទំនាក់ទំនងសង្គម Facebook ជាច្រើននាក់ បានបង្ហាញពីអារម្មណ៍ អាណិតខ្លាចចិត្ត ទៅលើក្មេង ប្រុសរងគ្រោះម្នាក់ ដែលបានចូលទៅ លួចបេះផ្លែដូងគេ ហើយត្រូវបានម្ចាស់គេ ចាប់យកមកប្រើហឹង្សា ចងស្លាបសេកជ្រមុជក្នុងទឹកពាង គ្មានត្រាប្រណី ដែលត្រូវបានគេបង្ហោះ និងShareបន្តគ្នា ពេញបណ្តាញទំនាក់ទំនងសង្គមមួយនេះ ។ ជាមួយគ្នានោះ តារាសម្តែងជើងចាស់ ធ្លាប់មានឈ្មោះបោះសំឡេង មិនសាបសូន្យ លោក ខៃ ប្រសិទ្ធ ក៏បានបង្ហាញពីក្តី អាណិតអាសូរ ទៅលើក្មេងប្រុសរូបនោះ ដោយព្រលយពីនាយសមុទ្រមកថា លោកចង់ទទួលយក ក្មេងប្រុសម្នាក់នេះ ទៅធ្វើជាកូនចិញ្ចឹម ទៀតផង ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh