(ប៊ែរឡាំង)៖ ប៉ូលិសអាល្លឺម៉ង់បានឱ្យដឹងថាហេតុការណ៍រថយន្ដកាមីញ៉ុង បើកបំបុកហ្វូងមនុស្សនៅឯផ្សារលក់ទំនិញណូអ៊ែលមួយកន្លែង ស្ថិតនៅភាគកណ្ដាលទីក្រុងប៊ែរឡាំងនៅថ្ងៃល្ងាចថ្ងៃចន្ទ ដែលបានផ្ដាច់យកជីវិតមនុស្សយ៉ាងហោចណាស់ ១២នាក់ និង ៤៨នាក់ទៀតរងរបួសគឺជាសកម្មភាពភេរវកម្ម ប៉ុន្តែគ្រាន់តែគេត្រូវការពេលវេលាបញ្ជាក់បន្ថែមតែប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានបារំាង Le Monde នៅរសៀលថ្ងៃអង្គារ ទី២០ ខែធ្នូ ឆ្នាំ២០១៦។
ជាមួយគ្នានោះដែររដ្ឋមន្ត្រីមហាផ្ទៃអាល្លឺម៉ង់ លោក ថូម៉ាស់ ឌឺម៉ាសហ្ស៊ីយ៊ែរ ( Thomas de Maziere) ក៏បាន កត់សម្គាល់ទៀតថា មានហេតុផលជាច្រើនបង្ហាញថាអ្នកបើកបររថយន្ដកាមីញ៉ុងបានប្រព្រឹត្តអំពើភេរវកម្ម។ «នៅពេលនេះខ្ញុំមិនទាន់ចង់និយាយថា វាជាសកម្មភាពភេរវកម្មនោះទេ បើទោះជាយើងមានហេតុផលគ្រប់គ្រាន់ក៏ដោយ។ ម្យ៉ាងវិញទៀតយើងក៏មានភស្ដុងតាងជាច្រើនផងដែរបញ្ជាក់ថាជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួនគឺជាអ្នកបើកបរថយន្ដកាមីញ៉ុង ដែលបានបើកបំបុកហ្វូងមនុស្ស។ ទោះបីជាយ៉ាងនេះក្ដីយើងនៅតែត្រូវការពេលវេលាដើម្បីបញ្ជាក់ ឱ្យកាន់តែច្បាស់ជាងនេះ»។ នេះបើតាមសម្តីលោករដ្ឋមន្ត្រីមហាផ្ទៃអាល្លឺម៉ង់។
គួរបញ្ជាក់ថាសោកនាដកម្មខាងលើពុំទាន់មានក្រុមណាមួយ ចេញមុខអះអាងទទួលខុសត្រូវនៅឡើយទេ ក៏ប៉ុន្តែការវាយប្រហារនេះត្រូវបានគេមើលឃើញថា កើតឡើងនៅក្នុងបរិបទដែលមេដឹកនាំក្រុម ISIS អាប៊ូបាកើ អាល់បាដាឌី បានអំពាវនាវឱ្យក្រុមសកម្មប្រយុទ្ធ និងអ្នកគាំទ្ររបស់ខ្លួនដឹកនាំសកម្មភាពភេរវកម្មនៅអឺរ៉ុប ហើយណាមួយក្រុម ISIS ក៏ជាមុខសញ្ញាសង្ស័យជម្រើសទី១សម្រាប់ទង្វើនេះដែរ៕