(បាសេឡូណា)៖ ការទទួលបាន៣ពិន្ទុរៀងៗខ្លួននារាត្រីយប់នេះ បានធ្វើឲ្យក្រុមយក្សទាំងពីរ FC Barcelona និង Real Madrid ស្វិតស្វាញខ្លាំងឡើង ដើម្បីប្រជែងយកពាន La Liga រដូវកាលឆ្នាំ២០១៥-២០១៦ នេះ ខណៈដែលនៅសល់១ប្រកួតដូចគ្នា ។
ម្ចាស់ផ្ទះ Barcelona បានបំបាក់ក្រុមភ្ញៀវ Espanyol ៥-០ ដាច់មិនឲ្យតដៃរួចយប់មិញនេះ ដើម្បីបន្តកាន់កាប់តំណែងកំពូលតារាងដដែលមាន៨៨ពិន្ទុនាំមុខ Real Madrid តែ១ពិន្ទុប៉ុណ្ណោះ ដែលត្រូវជួបក្រុមម្ចាស់ផ្ទះ Granada ថ្ងៃសៅរ៍ ចុងសប្តាហ៍នេះផងដែរ ដើម្បីបញ្ចប់រដូវកាល គ្រាដែលគូប្រជែង Real Madrid ត្រូវជួបក្រុមម្ចាស់ផ្ទះ Deportivo Coruna នៅម៉ោង ២២៖០០នាទីដូចគ្នា ។
ជ័យជំនះនៅតារាត្រីសៅរ៍ចុងសប្តាហ៍សុទ្ធតែសំខាន់ដូចគ្នា ដោយក្រុមការពារតំណែងជើងឯក Barcelona មិនប្រាថ្នាត្រឹមស្មើឡើយ និង Real Madrid ក៏រំពឹងថាស៊ីម្ចាស់ផ្ទះ Deportivo បានដូចគ្នា ដែលនឹងអាចគ្មានអ្វីប្រែប្រួលនោះទេ ប្រសិនឈ្នះទាំងពីរដូចគ្នា ។
ក្រុមរបស់គ្រូបង្វឹក Zinedine Zidane បានបន្ថែម៣ពិន្ទុក្នុងទឹកដីនៃកីឡដ្ឋាន Santiago Bernabeu ទាំងព្រលឹងចុងសក់ក្នុងសប្តាហ៍ទី៣៧យប់មិញ ពេលឈ្នះក្រុមភ្ញៀវ Valencia ត្រឹមតែ ៣-២ ខណៈដែលក្រុម Atletico Madrid បាន ភ្លាត់ស្នៀតចាញ់ក្រុមម្ចាស់ផ្ទះ Levante ២-១ ធ្លាក់ពីលេខ២ មកឈរនៅលេខ៣វិញ ដោយមិននឹកស្មាន និងអស់សិទ្ធិ ប្រជែងយកពាននេះទៀតហើយ ទោះឈ្នះភ្ញៀវ Celta Vigo នាថ្ងៃសៅរ៍នេះក៏ដោយ ។
តែយ៉ាងណាក៏ដោយ At. Madrid នៅមានយុទ្ធនាការសំខាន់ចុងក្រោយមួយទៀត គឺប្រជែងយកពានធំប្រចាំទ្វីបអឺរ៉ុប UEFA Champions League ដោយប៉ះក្រុមរបស់អេស្ប៉ាញដូចគ្នា Real Madrid នារាត្រីថ្ងៃទី២៨ ឈានចូលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦ នៅទឹកដីស្ថិតក្នុងទីក្រុង Milan របស់ប្រទេសអ៊ីតាលីក្នុងវគ្គផ្តាច់ព្រ័ត្រ ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង