(បាកដាដ)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Ash Carter បានទៅដល់ទឹកដីអ៊ីរ៉ាក់ហើយ នៅថ្ងៃចន្ទនេះ ដើម្បីពិភាក្សាគ្នាជាមួយមន្ត្រីការពារជាតិអ៊ីរ៉ាក់ រឿងការផ្តល់ជំនួយយោធាបន្ថែមទៀតដើម្បីជីក ឬសគល់របស់ពួកសកម្មប្រយុទ្ធ ISIS។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃចន្ទ ទី១៨ ខែមេសា ឆ្នាំ២០១៦។
ពេលទៅដល់ទឹកដីប្រទេសអាស៊ីខាងត្បូងនោះភ្លាមលោក Ash Carter បានជួបពិភាក្សាជាមួយ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Haider al-Abadi និងរដ្ឋមន្ត្រីការពារជាតិលោក Khaled al-Obaidi។ នៅក្នុងកិច្ចពិភាក្សានោះ ភាគីទាំងពីរបានលើកឡើងពីផលលំបាកមួយចំនួនដោយសារតែពួក ISIS បាននិងកំពុងគ្រប់គ្រងទឹកដីជាច្រើនរបស់ស៊ីរីនៅឡើយ ដែលជាហេតុនាំឲ្យប្រតិបត្តិការវាយប្រហារ មានភាពស្មុគស្មាញ។
ទោះបីជាយ៉ាងណាក៏ដោយ មិនទាន់មានព័ត៌មានជាផ្លូវការណាមួយ បញ្ជាក់ថាអាមេរិកនឹងជួយជាអ្វី ទៅដល់អ៊ីរ៉ាក់នោះឡើយ ប៉ុន្តែបើតាមកិច្ចពិភាក្សានោះ អាមេរិកទំនងជាអាចបញ្ជូនកងទ័ពបន្ថែមទៀត ដើម្បីមកជួយហ្វឹកហ្វឺនកងទ័ពអ៊ីរ៉ាក់ និងចេញប្រតិបត្តិការផ្ទាល់ដើម្បីកម្ចាត់ក្រុម ISIS តែម្តង៕
ប្រភព ៖ CNA
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី